អាល្លឺម៉ង់ ក្លាយជាដៃគូធំបំផុតរបស់វៀតណាម នៅអឺរ៉ុប ក្រោយពាណិកម្មទ្វេភាគីកើនជាង ១០ ពាន់លានដុល្លារ

អន្តរជាតិ

ថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញឱ្យដឹងថា ការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសអាល្លឺម៉ង់ បានកើនឡើង ៣០,៥% ដល់ ៧,៦ ពាន់លានដុល្លារ ក្នុងរយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះផងដែរ តម្លៃនៃការនាំចូលរបស់វៀតណាម ពីប្រទេសអាល្លឺម៉ង់វិញ មានចំនួន ២,៩៦ ពាន់លានដុល្លារ ដែលជាកម្រិតថយចុះវិញបន្តិច បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ ហើយនៅក្នុងរយ:ពេល ១០ ខែកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានឈានដល់ជិត ១០,៦ ពាន់លានដុល្លារ ដែលកើនឡើង ១៧,៦% ក្នុងមួយឆ្នាំៗ ។

គួរឱ្យដឹងថា ទំនិញចម្បងៗដែលវៀតណាម បាននាំចេញទៅនោះ មានដូចជាគ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ រថយន្ត ស្បែកជើង សម្លៀកបំពាក់ វាយនភណ្ឌ កាហ្វេ និងអាហារសមុទ្រ ខណ:ការនាំចូលពីអាល្លឺម៉ង់វិញ មានដូចជា ម៉ាស៊ីន គ្រឿងបន្លាស់ ឱសថ សារធាតុគីមី និងគ្រឿងបន្លាស់រថយន្ត ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នអាល្លឺម៉ង់ បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម នៅអឺរ៉ុប ដែលស្មើនឹង ២០% នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេស នៅក្នុងតំបន់អាស៊ានមួយនេះ ទៅកាន់សហភាពអឺរ៉ុប ។

សម្រាប់អាល្លឺម៉ង់វិញ ក៏បានចាត់ទុកវៀតណាមថាជាទីផ្សារដ៏មានសក្ដានុពល និងជាដៃគូសំខាន់ផងដែរ ជាពិសេសនៅពេលទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម ដែលបានបង្ហាញឱ្យឃើញថា ទទួលបានលទ្ធផលដ៏ល្អ ក្រោយអនុវត្តជាងពីរឆ្នាំមកនេះ ៕