ការជ្រើសរើសប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិថ្មី នឹងធ្វើឡើងនៅឆ្នាំ ២០២៤ ហើយថ្មីៗនេះអ្នកនយោបាយក៏ចាប់ផ្ដើមទម្លាយពីផែនការឈរឈ្មោះជាបណ្ដើរៗហើយដែរ ដូចជាអតីតប្រធានាធិបតី ដូណាល់ ត្រាំជាដើម។

យ៉ាងណា មិនមែនមានតែអ្នកនយោបាយឡើយ សូម្បីតែតារារ៉េប Kanye West ក៏បានប្រកាសដែរថា សម្រាប់តំណែងកំពូលនៃសហរដ្ឋអាមេរិកនាឆ្នាំ ២០២៤ លោកក៏នឹងចូលឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយរូបផងដែរ។ នេះបើតាមការចុះផ្សាយពី Nypost។

ប្រភពដដែលបន្ថែមថា បច្ចុប្បន្នតារារ៉េបរូបនេះ និងអ្នកអត្ថាធិប្បាយ Milo Yiannopoulos កំពុងរៀបចំធ្វើការឃោសនារកសន្លឹកឆ្នោត សម្រាប់អតីតមហាសេដ្ឋីអាមេរិកខាងលើ។

គួររំលឹកដែរថា Kanye West បានរបូតតំណែងជាមហាសេដ្ឋី បន្ទាប់ពីក្រុមហ៊ុន Adidas ប្រកាសផ្ដាច់កុងត្រាខ្នាតយក្ស បណ្ដាលឲ្យតារារ៉េបរូបនេះខាតបង់ប្រាក់ជាង ១ ពាន់លានដុល្លារ ពោលធ្លាប់មានលុយប្រហែល ១,៥ ពាន់លានដុល្លារ តែបច្ចុប្បន្ននៅសល់តែ ៤០០ លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការអះអាងពី Forbes៕