កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានចាប់ផ្ដើមប្រមែប្រមូលរថយន្តច្រើនជាង ៣២១ ០០០ គ្រឿងចូលរោងចក្រវិញ ក្រោយរកឃើញមានបញ្ហាជាមួយនឹងប្រព័ន្ធភ្លើងស្តុបក្រោយនៃរថយន្ត ដែលមិនអាចដំណើរការបានល្អ។

រថយន្តដែលត្រូវបានប្រមូលចូលឃ្លាំងវិញនោះគឺ Model 3 ឆ្នាំ ២០២៣ និង ២០២០ និងរថយន្ត Model Y ២០២៣ ដែលផលិតឡើងសម្រាប់អតិថិជនអាមេរិក។ នេះបើតាមការចុះផ្សាយពី Reuters។

ទាក់ទងនឹងបញ្ហាមួយនេះ Tesla នឹងបញ្ចេញនូវកម្មវិធីដើម្បីដោះស្រាយវា ហើយក្រុមហ៊ុនក៏មិនទាន់ទទួលបានរបាយការណ៍ជុំវិញគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបញ្ហាមួយនេះដូចគ្នា។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ក្រុមហ៊ុន Tesla ហាក់ជួបប្រទះបញ្ហាមិនចេះចប់ មិនចេះហើយ តួយ៉ាងដូចជាកាលពីប៉ុន្មានសប្ដាហ៍មុន Tesla ក៏បានប្រមូលរថយន្តចូលឃ្លាំងវិញជាង ៣ ម៉ឺនគ្រឿង ដោយសារបញ្ហាឃ្លុបរថយន្តផងដែរ៕