ពីខេត្តសៀមរាប ចិន ព្រមានអាមេរិកកុំឱ្យឆ្លងហួសបន្ទាត់ក្រហមតៃវ៉ាន់

អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបពិភាក្សាទល់មុខគ្នា ជាមួយរដ្ឋមន្ត្រីក្រសួងការពារចិន លោក Wei Fenghe នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលរៀបចំធ្វើឡើង នៅខេត្តសៀមរាប កាលពីថ្ងៃអង្គារ ទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងការជួបគ្នានោះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិចិន លោក Wei បានធ្វើការក្រើនរំលឹកឡើងវិញ នូវជំហររបស់ប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដោយលោកបានបញ្ជាក់ថា តៃវ៉ាន់ នៅតែជារបស់ចិន ហើយការដោះស្រាយទំនាស់រវាងតៃវ៉ាន់ គឺត្រូវតែចិនជាទទួលរ៉ាប់រងប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថារយ:ពេល ៩០ នាទី អំឡុងកិច្ចប្រជុំនៅខេត្តសៀមរាបនោះ រដ្ឋមន្តី្រការពារជាតិចិន ក៏បានធ្វើការព្រមានសហរដ្ឋអាមេរិកផងដែរ ថាកុំឱ្យឆ្លងកាត់បន្ទាត់ក្រហមតៃវ៉ាន់ ដែលវាអាចនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ កាន់តែមានភាព​ល្អក់​កករ​ ។

លើសពីនេះ លោក Wei បានប្រាប់ទៅកាន់លោក Austin ទៀតថា យោធាចិនឱ្យតម្លៃខ្ពស់ ទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយយោធាអាមេរិកណាស់ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ ក៏ត្រូវតែមានការគោរពដល់ផលប្រយោជន៍ស្នូលរបស់ចិនផងដែរ។

លោក Wei បានបន្ថែមថា​ វានឹងអាស្រ័យទៅលើសហរដ្ឋអាមេរិកប៉ុណ្ណោះ សម្រាប់ការដោះស្រាយស្ថានភាពបច្ចុប្បន្ន នៃទំនាក់ទំនងរវាងចិន-អាមេរិក។ ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំ មន្ត្រីការពារជាតិទាំងពីរ បានយល់ព្រមរក្សាទំនាក់ទំនងដោយបើកចំហរ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

សូមបញញជាក់ផងដែរថា នេះជាលើកទីពីរហើយ សម្រាប់កិច្ចប្រជុំទល់មុខគ្នារវាងលោក Wei និងលោក Austin នៅឆ្នាំនេះ ដោយកិច្ចពិភាក្សាចុងក្រោយរវាងមន្ត្រីទាំងពីរ បានធ្វើឡើងកាលពី ៥ ខែមុន នៅឯប្រទេសសិង្ហបុរី៕