ព្រះមហាក្សត្រម៉ាឡេស៊ី ប្រកាសថានឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយការបោះឆ្នោតត្រូវជាប់គាំង

អន្តរជាតិ

ថ្មីៗនេះ ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah បានប្រកាសថា នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែព្រះអង្គមិនទាន់បានបញ្ជាក់ច្បាស់លាស់អំពីពេលវេលា សម្រាប់ការសម្រេចចិត្តរបស់ទ្រង់នៅឡើយនោះទេ ក្រោយកើតមានវិបត្តិនយោបាយ ដោយសារតែការបោះឆ្នោតកំពុងបន្តជាប់គាំង។ នេះបើយោងតាមការចុះផ្សាយពី AAP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម៉ាឡេស៊ី កំពុងប្រឈមមុខជាមួយនឹងការព្យួសភា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដោយសារតែលទ្ធផលការបោះឆ្នោត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនមានគណបក្សនយោបាយណាមួយ ឈ្នះសំឡេងឆ្នោតភាគច្រើននោះឡើយ។

គួរឱ្យដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីសំខាន់ពីររូប គឺមេដឹកនាំបក្សប្រឆាំងលោក Anwar Ibrahim និងអតីតនាយករដ្ឋមន្ត្រី លោក Muhyiddin Yassin សុទ្ធសឹងតែមិនទទួលបានសំឡេងឆ្នោតភាគច្រើន ដែលត្រូវការ ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មីបាននោះឡើយ ។

ទន្ទឹមនឹងនេះ បក្សសម្ព័ន្ធ Barisan Nasional ដែលកំពុងកាន់អំណាច បាននិយាយថា ខ្លួនក៏នឹងមិនគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីទាំងពីររូបនេះនោះឡើយ ខណ:ជាមូលហេតុធំមួយ ដែលរារាំង លោក Anwar និង Muhyiddin ពីការឈានដល់សំឡេងឆ្នោតភាគច្រើន។

ហើយ ឥឡូវនេះ វានឹងអាស្រ័យលើព្រះមហាក្សត្រប៉ុណ្ណោះ ដែលដើរតួយ៉ាងសំខាន់ ដើម្បីចាត់តាំងអ្នកណា ដែលទ្រង់ជឿជាក់ថានឹងសមត្ថភាពគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី ។

លើសពីនេះ ព្រះ​មហាក្សត្រ​ Al-Sultan បាន​មាន​ព្រះរាជបន្ទូល​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​វិមាន​ជាតិ​ កាល​ពី​ថ្ងៃ​អង្គារ​ថា សូមឱ្យទ្រង់ធ្វើជាអ្នកធ្វើការសម្រេចចិត្តលើរឿងនេះ នៅក្នុងពេលឆាប់ៗខាងមុខ ខណ:ព្រះអង្គក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ី ព្រមទទួលយកការសម្រេចចិត្តណាមួយ អំពីការបង្កើតរដ្ឋាភិបាលថ្មី នាពេលខាងមុខនេះផងដែរ ៕