មេធំ Tesla លោក Elon Musk នៅតែបន្តកាន់តំណែងជាមហាសេដ្ឋីមានបំផុតលើលោក ជាមួយទំហំទ្រព្យសម្បត្តិមហាសាល ប្រមាណ ១៨០ ពាន់លានដុល្លា។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes។

បើទោះជាទំហំទឹកប្រាក់របស់ Elon Musk ពេលនេះមានជាង ១៨០ ពាន់លានដុល្លារក្ដី ប៉ុន្តែបើធៀបនឹងឆ្នាំទៅ ចំនួននេះគឺតិចតួចណាស់សម្រាប់លោក ដ្បិតកាលពីឆ្នាំទៅម្ចាស់ក្រុមហ៊ុនថ្មី Twitter បានបង្កើតប្រវត្តិសាស្ត្រថ្មីជាមហាសេដ្ឋីមានប្រាក់ច្រើនបំផុត ៣៤០ ពាន់លានដុល្លារ។
ដូច្នេះបើគិតមើលទៅ ត្រឹមតែមួយឆ្នាំ មហាសេដ្ឋីអាមេរិករបូតលុយអស់ច្រើនជាង ១៥០ ពាន់លានដុល្លារ ដោយសារវិបត្តិសេដ្ឋកិច្ច និងការរាំងស្ទះសង្វាក់ផ្គត់ផ្គង់ជាសកល។

សូមជម្រាបដែរថា បច្ចុប្បន្នតំណែងមហាសេដ្ឋីមានបំផុតលើលោករបស់ Elon Musk អាចនឹងមិនស្ថិតស្ថេរឡើយ ដោយសារស្ដេចត្រាញ់នៅអឺរ៉ុប Bernard Arnault កំពុងខិតកាន់តែកៀកមែនទែនហើយ ដ្បិតគម្លាតទ្រព្យសម្បត្តិរវាងអ្នកទាំង ២ មិនលើសលួសគ្នាដល់ ១០ ពាន់លានដុល្លារផង៕