ក្រុមហ៊ុន LG Chem បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបោះទុនវិនិយោគជាង ៣ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអាគុយ នៅក្នុងរដ្ឋ Tennessee ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ កំពុងព្យាយាមបង្កើនផែនការ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអាគុយ ពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយពី CNA ។
គួរឱ្យដឹងថា នេះគឺជាការវិនិយោគដ៏ធំដំបូងគេ ដែលទាក់ទងទៅនឹងរថយន្តអគ្គិសនី ពីសំណាក់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅលើទឹកដីសហរដ្ឋអាមេរិក ចាប់តាំងពីច្បាប់ថ្មីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវបានអនុម័ត កាលពីខែសីហា ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់អាគុយជាច្រើន ឈប់ពឹងផ្នែកខ្លាំង ទៅលើប្រទេសចិន ។
ក្រុមហ៊ុន LG Chem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតកម្មដ៏ធំរបស់ខ្លួន គឺគ្រោងនឹងចាប់ផ្តើម នៅឆមាសទីពីរ ឆ្នាំ ២០២៥ ហើយរោងចក្រនេះ នឹងអាចបង្កើតការងារបានជាង ៨៥០ កន្លែង ។
រោងចក្រដ៏ធំនេះត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផលិតប្រចាំឆ្នាំ ១២០ ០០០ តោននៃវត្ថុធាតុដើមកាតូត សម្រាប់ផលិតអាគុយ នៅឆ្នាំ ២០២៧ ដែលវានឹងគ្រប់គ្រាន់សម្រាប់ផ្តល់ថាមពល ដល់រថយន្តអគ្គិសនីបានប្រហែល ១,២ លានគ្រឿង។
ជាងនេះទៅទៀត ក្រុមហ៊ុន LG Chem បាននិយាយថាខ្លួនក៏កំពុងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនកែច្នៃឡើងវិញ ក្នុងតំបន់ ដើម្បីគាំទ្រអតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ដូច្នេះតម្រូវការនៃច្បាប់ថ្មី ក្នុងការបន្ថយអតិផរណាអាចត្រូវបានបំពេញ ៕