ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ដែលកំពុងធ្វើឡើងនៅប្រទេសកាតា បានបង្កភាពភ្ញាក់ផ្អើលមិនចេះចប់ដល់ទស្សនិកជន តួយ៉ាងដូចជា ជ័យជំនះដែលក្រុមអារ៉ាប៊ីសាអូឌីត បានយកឈ្មោះក្រុមអាហ្សង់ទីនជាដើម។

ជាមួយនឹងជោគជ័យ ២-១ នៅក្នុងការប្រកួតកន្លងទៅ មានចចាមអារ៉ាមថា ព្រះអង្គម្ចាស់ Mohammed bin Salman នឹងប្រទានកាដូពិសេសដល់កីឡាករជម្រើសជាតិគ្រប់ៗគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានឥណ្ឌូណេស៊ី Postsen។

កាដូដែលនឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺ រថយន្តប្រណីត Rolls Royce Phantom ដែលមានតម្លៃប្រហែលពី ៤៦០ ០០០ ដល់ ៥៥០ ០០០ ដុល្លារក្នុងមួយគ្រឿង។

ទន្ទឹមនឹងនោះ ក៏មានប្រភពគួរឲ្យទុកចិត្តផ្សេងទៀតដូចជា អ្នកជំនួញឥណ្ឌា Suhel Seth ក៏បានបង្ហោះព័ត៌មានខាងលើនៅតាមបណ្ដាញសង្គម Twitter ទៀតផង។
យ៉ាងណា គិតមកទល់នឹងពេលនេះ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតនៅមិនទាន់ចេញបំភ្លឺចចាមអារ៉ាមមួយនេះ ច្បាស់លាស់នៅឡើយទេ៕