ក្រុមហ៊ុន Lamborghini គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលមួយលើលោក ដ្បិតបើសិនជានិយាយពីឡានប្រណីត គេនឹកឃើញ Rolls Royce តែបើនិយាយពីឡានស្ព័រ Lamborghini គឺជាជម្រើសតំបូងដែលគ្រប់គ្នានឹកឃើញមុនគេ។

យ៉ាងណា ក្រៅពីរថយន្តក្រុមហ៊ុនខ្នាតយក្សមួយនេះក៏បានផលិតជានាវាឯកជនផងដែរ ដោយទូកកំសាន្តផលិតដោយក្រុមហ៊ុនមានឡូហ្គោរូបគោ មានតម្លៃរហូតដល់ ៤ លានដុល្លារ ហើយចំនួនផលិតក៏មានកំណត់ដូចគ្នាន ពោលផលិតតែ ៦៣ គ្រឿងប៉ុណ្ណោះ។


យោងតាមការចុះផ្សាយពីវេបសាយផ្លូវការរបស់ក្រុមហ៊ុនបានទម្លាយថា នាវានេះគឺមានឈ្មោះថា Technomar Lamborghini 63 ផលិតឡើងជាពិសេស ក្នុងគោលបំណងអបអរគម្រប់ខួបនៃការបង្កើតក្រុមហ៊ុន និងបានយកគម្រូតាមឡាន Sián FKP 37 ដែលជារថយន្តស្ព័រកំពូលតំបូងរបស់ Lamborghini។


មួយតួខ្លួននៃនាវាលំដាប់អភិជននេះ គឺប្រើប្រាស់កាបូនហ្វាយបឺស្ទើរទាំងស្រុង ដែលធ្វើឲ្យវាមានទម្ងន់ស្រាល ត្រឹម ២៤ តោន បើធៀបនឹងនាវាដែលមានទំហំប៉ុនគ្នា។ វាក៏មានបំពាក់មកជាមួយនូវម៉ាស៊ីន MAN V2-2000HP ២ គ្រាប់ ដែលធ្វើឲ្យវាក្លាយជានាវាលឿនបំផុត សម្រាប់ត្រកូល Tecnomar។