កាលពីពេលថ្មីៗនេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី បានប្រកាសថា លោកនឹងមិនប្រើប្រាស់រថយន្ត Mercedes-Benz S600 Limousine ដែលនាយកដ្ឋាននាយករដ្ឋមន្ត្រីបានទិញជូនលោក សម្រាប់ការប្រើប្រាស់ជារថយន្តផ្លូវការឡើយ។

ជំនួសមកវិញ លោកបានទម្លាយថា លោកនឹងប្រើប្រាស់រថយន្តណាដែលមានស្រាប់នៅនាយកដ្ឋានជារថយន្តផ្លូវការ ក្រោមមូលហេតុមិនចង់ឲ្យរដ្ឋាភិបាលចំណាយលើរបស់មិនចាំបាច់ សម្រាប់ការកាន់តំណែងរបស់លោកឡើយ។ នេះបើតាមការចុះផ្សាយពី CNA។

“ខ្ញុំចង់ជម្រាបអ្នកទាំងអស់គ្នាថា កាលពីម្សិលមិញ ខ្ញុំបានបដិសេធមិនប្រើប្រាស់រថយន្ត Mercedes-Benz S600 ដែលបានទិញដោយនាយកដ្ឋាននាយករដ្ឋមន្ត្រី មុនពេលដែលខ្ញុំចូលមកការិយាល័យ។ មូលហេតុគឺដោយសារ ខ្ញុំមិនចង់ឲ្យមានការចំណាយច្រើនសម្រាប់ខ្ញុំឡើយ”។ នេះបើតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ផ្លូវការ របស់លោក។

សូមជម្រាបដែរថា រថយន្ត Mercedes-Benz S600 Limousine គឺមានតម្លៃប្រហែល ១,៥៧ លានដុល្លារ គិតលើទីផ្សារសហរដ្ឋអាមេរិក ហើយជាទូទៅរថយន្តប្រភេទនេះតែងតែត្រូវប្រើប្រាស់ជាមធ្យោបាយធ្វើដំណើររបស់បុគ្គលសំខាន់ៗ៕