មួយរយៈកាលចុងក្រោយនេះ មានបែកធ្លាយព័ត៌មានជាច្រើនជុំវិញការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ នៅប្រទេសចិន រហូតរដ្ឋាភិបាលតម្រូវឲ្យតំបន់ដែលរកឃើញការឆ្លងត្រូវបិទខ្ទប់ទ្រង់ទ្រាយធំ។
យោងតាមការចុះផ្សាយពី VOA បានឲ្យដឹងថា ដោយសារវិធានការកូវីដសូន្យរបស់រដ្ឋាភិបាល មានសភាពតឹងតែងខ្លាំងពេក រហូតប្រជាជនមិនអាចសម្របខ្លួនបាន ដល់ថ្នាក់ពួកគេចេញបាតុកម្មទ្រង់ទ្រាយធំ ឈានដល់ថ្នាក់ទាមទារឲ្យប្រធានាធិបតី ស៊ី ជិនពីង ចុះចេញពីតំណែងថែមទៀតផង។
ប្រជាជន និងសិស្សានុសិស្សនៅទីក្រុងយ៉ាងហោចណាស់ ៧ រាប់បញ្ចូលទាំងទីក្រុងប៉េកាំង និងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានចេញធ្វើបាតុកម្មប្រឆាំងនឹងយុទ្ធនាការកូវីដសូន្យរបស់រដ្ឋាភិបាល រហូតធ្វើឲ្យសមត្ថកិច្ចប្រចាំតំបន់ត្រូវចេញអន្តរាគមន៍ជាមួយនឹងពួកគេថែមទៀត។
សូមជម្រាបដែរថា វិធានការកូវីដសូន្យរបស់រដ្ឋាភិបាល គឺតម្រូវឲ្យប្រជាជនដែលរស់នៅតំបន់បានរកឃើញវិជ្ជមានកូវីដ ត្រូវធ្វើចត្តាឡឺស័កនៅផ្ទះរាប់សប្ដាហ៍ ឬអាចដល់រាប់ខែក៏មាន ហើយមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះ និងតម្រូវឲ្យពួកគេធ្វើតេស្តរកកូវីដស្ទើររៀងរាល់ថ្ងៃ៕