នៅថ្ងៃទី ២៩ វិច្ឆិកា ២០២២ នេះ មានសេចក្ដីរាយការណ៍អំពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសសមាជិក NATO ទាំងអស់ ជុំវិញការផ្ដល់ជំនួយបន្ថែមដល់ប្រជាជនអ៊ុយក្រែនសម្រាប់រដូវរងា បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារលើសំណង់អគារធំៗ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO ដែលនឹងធ្វើឡើងនៅទីក្រុង Bucharest នឹងផ្ដោតសំខាន់លើជំនួយយោធាដូចជា ប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើង ក៏ដូចជាការផ្ដល់ជំនួយផ្សេងៗទៀត។
ក្នុងនោះ ពួកគេក៏នឹងពិភាក្សាគ្នាអំពីដំណោះស្រាយសម្រាប់ប្រជាជនអ៊ុយក្រែន ដែលកំពុងស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ ដោយសារមិនមានទីជម្រកសមប្រកប ដ្បិតរុស្ស៊ីបានកម្ទេចអគារធំៗជាច្រើន ដូច្នេះប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកនៅទីក្រុងជាច្រើនត្រូវបានកាត់ផ្ដាច់។

បន្ថែមពីនោះ ពួកគេក៏ទំនងជាពិភាក្សាគ្នាអំពីលទ្ធភាពនៃការអនុញ្ញាតសុំចូលជាសមាជិក NATO ពេញសិទ្ធរបស់អ៊ុយក្រែនផងដែរ ប៉ុន្តែវាមិនមានភាគរយច្រើនក្នុងការសម្រេចទៅដោយជោគជ័យឡើយ ដ្បិតអ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានការណ៍ដ៏យ៉ាប់យ៉ឺនមួយ៕