នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ប្រកាសមិនយកប្រាក់ខែ ក្រោយឡើងកាន់តំណែង

អន្តរជាតិ

លោក Anwar Ibrahim នៅទីបំផុត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហហ៍មុន បន្ទាប់ពីលោកបានតស៊ូនៅលើឆាកនយោបាយអស់រយ:ពេល ៣ ទសវត្សរ៍ ក្នុងនាមជាមេដឹកនាំបក្សប្រឆាំង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ក្រោយឡើងកាន់តំណែង លោក Anwar បានប្រកាសថា គណ:រដ្ឋមន្ត្រី ក្នុង​ជួរ​រដ្ឋាភិបាលរបស់លោក នឹងមានចំនួនតិចជាង បើធៀបទៅនឹងរដ្ឋាភិបាលមុនៗ ហើយលោកក៏នឹងស្នើសុំឱ្យមន្ត្រីរបស់ខ្លួនទាំងនោះ កាត់បន្ថយប្រាក់ខែទាបជាងមុខផងដែរ ។

ជាមួយគ្នានោះដែរ លោក Anwar បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា លោកនឹងមិនទទួលយកប្រាក់ខែ ដែលអាចទទួលបានប្រហែល ៨ ម៉ឺនរីងហ្គីត (១៧៧០០ ដុល្លារ) ក្នុងឋាន:ជានាយករដ្ឋមន្ត្រីនោះឡើយ នៅពេលដែលលោកបានអះអាងជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដោះស្រាយបញ្ហានៃការចំណាយលើថ្លៃដើមរស់នៅ និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន TRT Word ។

ជាងនេះទៅទៀត នាយរដ្ឋមន្ត្រីថ្មីរូបនេះ ក៏បានប្រកាសថា លោកនឹងមិនប្រើប្រាស់រថយន្តស៊េរីទំនើប Mercedes-Benz S600 Limousine មានតម្លៃប្រហែល ១,៥៧ លានដុល្លារ ដែលនាយកដ្ឋាននាយករដ្ឋមន្ត្រីបានទិញជូនលោក សម្រាប់ប្រើប្រាស់នោះឡើយ ដោយហេតុផលថា មិនចង់ឱ្យរដ្ឋាភិបាលចំណាយលើរបស់មិនចាំបាច់ ហើយគួរងាកទៅដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងតែកើតមាន នៅក្នុងប្រទេសជំនួសវិញ ៕