សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ ដោយសារសន្ទុះនៃវិបត្តិអតិផរណាសកល ក៏ដូចជាឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង បណ្ដាលឲ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះជាខ្លាំង។

ទន្ទឹមនឹងនោះ កំណើននៃការដឹកជញ្ជូនជាសកល អាចនឹងជួបហានិភ័យនាឆ្នាំក្រោយ ស្របពេលវិបត្តិសេដ្ឋកិច្ចពិភពលោកអាចកើតមានគ្រប់ពេល។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារអង្គការសហប្រជាជាតិ UNCTAD បាននិយាយកាលពីថ្ងៃអង្គារ៍។

កំណើននៃការដឹកជញ្ជូនសកលពីឆ្នាំ ២០២៣-២០២៧ អាចនៅនឹងថ្កល់ ២,១% ជាមធ្យម យឺតជាង ៣ ទសវត្សចុងក្រោយ ដែលមានការដឹកជញ្ជូនជាមធ្យមមានប្រមាណ ៣,៣% ស្របពេលធនាគារធំៗទូទាំងសកលលោកព្យាករណ៍ថា បណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចដែលប៉ះពាល់ដល់ការដឹកជញ្ជូនរហូត ៨០%។

ដើម្បីសម្រួលដល់បញ្ហានាថ្ងៃអនាគត UNCTAD បានអំពាវនាវសុំឲ្យបង្កើនការវិនិយោគលើសង្វាក់ផ្គត់ផ្គង់តាមផ្លូវទឹក បើកច្រកការដឹកជញ្ជូនតាមនាវា ក៏ដូចជាការតភ្ជាប់ផ្លូវទឹកនានា ដើម្បីត្រៀមទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចជាសកលផ្សេងៗ៕