អគ្គិសនីវៀតណាម ប្រកាសខាតបង់ទឹកប្រាក់ជាង ៦០០ លានដុល្លារ ត្រឹម ១០ ខែ​ដំបូង​ឆ្នាំនេះ

អន្តរជាតិ

អគ្គិសនីវៀតណាម (EVN) ថ្មីៗនេះ បានធ្វើការប្រកាសអំពីការខាតបង់ទឹកប្រាក់ចំនួន ១៥,៧៥៨ ទ្រីលានដុង (៦៣៥,៤ លានដុល្លារ) នៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ ២០២២ នេះ ដោយសារតែតម្លៃប្រេងឥន្ធន:កើនឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

EVN បាននិយាយថា ការប្រែប្រួលនៃតម្លៃធ្យូងថ្ម ប្រេង និងហ្គាស់របស់ពិភពលោក ចាប់តាំងពីដើមឆ្នាំនេះមក បានធ្វើឱ្យថ្លៃដើមនៃការផលិត និងតម្លៃអគ្គិសនី ដែលបានទិញពីរោងចក្រថាមពលផ្សេងទៀត កើនឡើង ។

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញថា EVN ទទួលបានការខាតបង់ បន្ទាប់ពីការបង់ពន្ធច្រើនជាង ១៦,៥៨៦ ទ្រីលានដុង (៦៦៨,៧៩ លានដុល្លារ) នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ។

អគ្គិសនីវៀតណាម បាននិយាយទៀតថា ជាមួយនឹងតម្លៃប្រេងឥន្ធន:របស់ពិភពលោក ដែលព្យាករថានឹងនៅតែកើនឡើងខ្ពស់ នៅឆ្នាំ ២០២៣ វានឹងអាចផ្តល់ផលពិបាកខ្លាំង សម្រាប់ EVN ក្នុងការសម្រេចបាននូវលទ្ធផលអាជីវកម្មល្អ សម្រាប់ឆ្នាំក្រោយ ខណ:ខ្លួនបានធ្វើការព្យាករថា ទឹកប្រាក់ចំនួន ៣១,៣៦ ទ្រីលានដុង អាចនឹងត្រូវខាតបង់ សម្រាប់ឆ្នាំ ២០២២ ទាំងមូល ។

លើសពីនេះ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា តម្លៃនៃវត្ថុធាតុដើម សម្រាប់ផលិតថាមពលអគ្គិសនី បានហក់ឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះមក ដោយធ្យូងថ្ម ដែលបាននាំចូល បានកើនតម្លៃទ្វេដង ដល់ ៣០៤,៨ ដុល្លារ ក្នុងមួយតោន ដូច្នេះហើយ តម្លៃលក់រាយអគ្គិសនី នឹងអាចបន្តឡើងថ្លៃ នៅក្នុងពេលខាងមុខ ។

ជម្រាបជូនផងដែរថា តម្លៃលក់រាយជាមធ្យមនៃអគ្គិសនីបច្ចុប្បន្ន ស្ថិតនៅតម្លៃ ១៨៦៤,៤​ ដុង (៧,៥ សេន) ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម។ ហើយកាលពីខែមិថុនា EVN បាននិយាយថាតម្លៃអគ្គិសនីនៅឆ្នាំនេះ គួរតែកើនឡើងដល់ ១៩១៥,៦ ដុង (៧,៧ សេន) ក្នុងមួយគីឡូវ៉ាត់ម៉ោង៕