រយៈពេលជិត ២ ឆ្នាំចុងក្រោយនេះ គេមិនសូវទទួលបានព័ត៌មានថ្មីទាក់ទងនឹងសហស្ថាបនិក Alibaba គឺមហាសេដ្ឋី Jack Ma ប៉ុន្មានឡើយ ក្រោយរដ្ឋាភិបាលរឹតបន្តឹងគោលនយោបាយថ្មី បណ្ដាលឲ្យអាជីវកម្មលើវិស័យបច្ចេកវិទ្យាក្នុងស្រុកដួលរលំស្ទើរគ្រប់គ្នា។

យ៉ាងណាថ្មីៗនេះ ស្រាប់តែលឺដំណឹងមកថា បច្ចុប្បន្ន Jack Ma លែងរស់នៅប្រទេសចិនហើយ ពោលគឺលោកកំពុងរស់នៅប្រទេសជប៉ុនជាមួយនឹងក្រុមគ្រួសារ អស់រយៈពេលជាង ៦ ខែមកហើយ។ នេះបើតាមការចុះផ្សាយពី Financial Times។

ប្រភពដដែលបានបន្ថែមថា ប៉ុន្មានខែចុងក្រោយនេះ អតីតមេធំ Alibaba ក៏បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប៉ុន្មានលើកទៀតផង ហើយលោកក៏ធ្លាប់បានទៅមើលការងារនៅក្រុមហ៊ុន Ant Group ផងដែរ គ្រាន់តែមិនស្នាក់នៅក្នុងប្រទេសប៉ុណ្ណោះ។

សូមជម្រាបដែរថា Jack Ma បានបាត់ដំណឹងសូន្យតាំងពីខែតុលា ២០២០ រហូតដល់ដើមឆ្នាំ ២០២១ បន្ទាប់ពីលោកបានរិះគន់លើគោលនយោបាយថ្មីរបស់រដ្ឋាភិបាល និងមានមតិខ្លះលើកឡើងថា លោកត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ប៉ុន្តែទន្ទឹមនឹងនោះក៏មានបែកធ្លាយរូបថតរបស់លោកធ្វើដំណើរកម្សាន្តទៅកាន់តំបន់អឺរ៉ុប និងហុងកុងកាលពីឆ្នាំទៅផងដែរ៕