កាលពីខែតុលាកន្លងទៅ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម Twitter ផ្លូវការរបស់លោកអំពី កិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី។
ក្នុងនោះលោកបានលើកឡើងយ៉ាងងាយៗដោយ សុំឲ្យមានការត្រួតពិនិត្យឡើងវិញរបស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ដែលកាន់កាប់ដោយអ៊ុយក្រែន ស្នើឲ្យមានការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើឧបទ្វីបគ្រីមៀ និងផ្តល់ឱ្យអ៊ុយក្រែននូវឋានៈអព្យាក្រឹត។
យ៉ាងណា ក្រោយទទួលបានដំណឹងខាងលើ ប្រធានាធិបតីអ៊ុយក្រែន Voloymyr Zelenskyy បានប្រតិកម្មជាមួយមេធំ Tesla ជាខ្លាំង ដោយលោកសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនជារឿងតូចតាចដូចមហាសេដ្ឋីអាមេរិកលើកឡើងឡើយ ហើយបើចង់ដឹងច្បាស់ Elon Musk ត្រូវមកអ៊ុយក្រែនផ្ទាល់។
យោងតាមបទសម្ភាសន៍ជាមួយ The New York Times លោក Zelenskyy បាននិយាយថា៖ “ខ្ញុំគិតថា ប្រហែលជាមានអ្នកនៅពីក្រោយគាត់ (Elon Musk) ឬគាត់អាចយល់ឃើញបែបនេះដោយខ្លួនឯង។ បើសិនជាអ្នកចង់ដឹងច្បាស់ពីអ្វីដែលរុស្ស៊ីបានធ្វើមកលើយើង សូមមកអ៊ុយក្រែនសិនមក បន្ទាប់ពីបានឃើញស្ថានភាពទីនេះហើយ ចាំប្រាប់ខ្ញុំអំពីការបញ្ចប់សង្គ្រាមដោយសន្តិភាព”។
សូមជម្រាបដែរថា ប្រធានាធិបតីអ៊ុយក្រែនប្រកាន់ជំហរយ៉ាងមុតមាំថា ដាច់ខាតលោកនឹងចូលតុចរចាជាមួយរុស្ស៊ីឡើយ ដរាបណា វ៉្លាឌីមៀរ ពូទីន នៅតែជាក្បាលម៉ាស៊ីនដឹកនាំប្រទេសរុស្ស៊ី៕