កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានបរិច្ចាគទឹកប្រាក់ប្រមាណ ១២៣ លានដុល្លារអាមេរិក ទៅកាន់អង្គការក្រៅរដ្ឋាភិបាលជាច្រើន ដើម្បីដោះស្រាយវិបត្តិជនអនាថានៅអាមេរិក។

យោងតាមការបង្ហើបឲ្យដឹងពីអង្គការ Day One Fund បានឲ្យដឹដងថា មហាសេដ្ឋីអាមេរិកតែងតែបរិច្ចាគទឹកប្រាក់ចន្លោះពី ៦០០ ០០០ ដល់ ៥ លានដុល្លារ ដើម្បីដោះស្រាយបញ្ហារឿងផ្ទះសំបែងរបស់ជនគ្មានទីជម្រកនៅ ២៦ រដ្ឋ និងកោះ Puerto Rico។
ប្រភពដដែលបានអះអាងថា ទឹកប្រាក់ជាង ១០០ លានដុល្លារដែលបានមកពីការធ្វើសប្បុរសធម៌របស់ស្ថាបនិក Amazon គឺបានចូលរួមចំណែកធំមួយ ក្នុងគម្រោងការណ៍ដោះស្រាយបញ្ហាលំនៅឋានសម្រាប់ជនគ្មានទីជម្រក ដែលអង្គការមួយនេះអះអាងថា ត្រូវចំណាយខ្ទង់ ២ ពាន់លានដុល្លារ។

គម្រោងការណ៍ ២ ពាន់លានដុល្លារនេះ នឹងផ្ដោតលើការសាងសង់លំនៅឋានសម្រាប់ពួកគេ បង្កើតការងារ ក៏ដូចជាសាងសង់សាលារៀននៅសហគមន៍ដែលមានប្រាក់ចំណូលទាបផងដែរ៕