កាលពីថ្ងៃពុធកន្លងទៅ មានដំណឹងថា ប្រធានផ្នែកយុទ្ធសាស្ត្រមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Ceyla Pazarbasioglu នឹងធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់ នាសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាក្នុងការពន្លឿនដំណោះស្រាយបំណុលនៃប្រទេសក្រីក្រ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា Pazarbasioglu បានស្វាគមន៍ចំពោះការចូលរួមរបស់ប្រទេសចិន នៅក្នុងការជួយដោះស្រាយបំណុលសម្រាប់ប្រទេសឆាដ ដែលជាប្រទេសដំបូងគេ បានបញ្ចប់ដំណើរការក្រោមក្របខ័ណ្ឌរួម (Common Framework) ដែលបង្កើតឡើងនៅចុងឆ្នាំ ២០២០ ដោយក្រុមនៃសេដ្ឋកិច្ចធំៗចំនួន ២០ ។
ប្រទេសបន្ទាប់គឺ សំប៊ី ដែលម្ចាស់បំណុលជាច្រើនទទូចសុំអន្តរាគមន៍ពី IMF ក្នុងការជួយរកដំណោះស្រាយ ខណៈប្រទេសមួយនេះត្រូវបានគេស្គាល់ថា ជាប់បំណុលច្រើនជាងគេបំផុតមួយនៅទ្វីបអាហ្វ្រិក និងមានសភាពរញ៉េរញ៉ៃបំផុតសម្រាប់ដំណើរការ Common Framework។

ដោយឡែក IMF ធនាគារពិភពលោក និងមន្ត្រីជាច្រើនរូបនៃក្រុម G7 ក៏បានទទូចឲ្យចិន ដែលជាម្ចាស់បំណុលធំបំផុតលើលោក ពន្យារពេលក្នុងការទារបំណុលពីប្រទេសដែលជាប់បំណុលខ្លួនមួយរយៈពេលសិន៕