ក្រុមហ៊ុន Foxconn ដែលផ្គត់ផ្គង់ iPhone សម្រាប់ Apple កាលពីពេលថ្មីៗនេះ បានប្រកាសថានឹងផ្តល់ជូនប្រាក់រង្វាន់ ១ ០០០ យ៉ន់ ឬប្រហែល ១៤១ ដុល្លារ ដល់បុគ្គលិករូបណា ដែលអាចណែនាំអ្នកថ្មី ឱ្យចូលមកធ្វើការនៅក្នុងរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Zhengzhou ក្រោយខ្វះខាតបុគ្គលិកខ្លាំង ដោយសារច្បាប់រឹតបន្តឹងកូវីដ-១៩ ក្នុងពេលចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
ជាងនេះទៅទៀត តាមរយ:ការបង្ហោះនៅលើគណនី WeChat ផ្លូវការ ក្រុមហ៊ុន Foxconn ក៏បាននិយាយផងដែរថា កម្មករអាចនឹងទទួលបានប្រាក់រង្វាន់ ៥០០ យ៉ន់ ប្រសិនបើបុគ្គលោកនោះ យល់ព្រមបន្តស្នាក់នៅក្នុងរោងចក្រ រយ:ពេល ១៥ ថ្ងៃ និងអាចផ្តល់ជូន ៥០០ យ៉ន់ បន្ថែមទៀត បើពួកគេស្នាក់នៅរហូតដល់មួយខែ។ ជាធម្មតា កម្មកររបស់ Foxconn អាចរកប្រាក់ចំណូលបានចន្លោះពី ៣ ០០០ យ៉ន់ ទៅ ៤ ០០០ យ៉ន់ ក្នុងមួយខែ។
គួរឱ្យដឹងថា ទាំងក្រុមហ៊ុន Apple និង Foxconn កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកម្មកររបស់ខ្លួនរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីរោងចក្រ បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ដ៏តឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយវិធានការនេះ ក៏បានធ្វើឱ្យឈានដល់ផ្ទុះការតវ៉ាពីសំណាក់កម្មកររបស់ក្រុមហ៊ុនថែមទៀតផង ។
មិនតែប៉ុណ្ណោះ វិបត្តិនេះ អាចនឹងកាត់បន្ថយផលិតកម្ម សម្រាប់ខែវិច្ឆិកា នៅក្នុងរោងចក្រ ដែលមានបុគ្គលិកជាង ២០០ ០០០ នាក់ យ៉ាងហោចណាស់ ៣០% ។ នេះបើយោងតាមប្រភពពី Foxconn បានប្រាប់ទៅកាន់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។
ជម្រាបជូនផងដែរថា Foxconn ក្នុងរយ:ពេលថ្មីៗកន្លងមកនេះ បានព្យាយាមដាក់ចេញវិធានការថ្មីៗជាច្រើន ដោយបានដំឡើងប្រាក់រង្វាន់សម្រាប់កម្មករដែលមានស្រាប់ និងកំពុងផ្តល់កញ្ចប់ប្រាក់ឈ្នួលខ្ពស់ជាងមុន សម្រាប់កម្មករថ្មីៗផងដែរ ៕