ក្រសួងឧស្សាហកម្មបានទម្លាយថា កូរ៉េខាងត្បូងខាតលុយអស់ប្រហែល ១,៦ ទ្រីលានយ៉េន ឬជាង ១,២ ពាន់លានដុល្លារ ដោយសារការកកស្ទះទំនិញ បន្ទាប់ពីមានកូដកម្មដ៏ធំសំបើម ពីអ្នកបើកបររថយន្តដឹកទំនិញ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា កូដកម្មដែលមានការចូលរួមពីអ្នកបើករថយន្តដឹកទំនិញច្រើនជាង ២០០ ០០០ នាក់ បានប្រព្រឹត្តទៅរយៈពេល ៨ ថ្ងៃជាប់គ្នា ខណៈរដ្ឋាភិបាលកំពុងព្យាយាមសម្រួលលើបញ្ហាមួយនេះ។
ក្នុងចំណោមទំនិញដែលមានការខាតបង់យ៉ាងធំធេងនេះ គឺមានដូចជា ស៊ីម៉ងត៍ ដែកថែប យានយន្ត និងការចម្រាញ់ប្រេង ខណៈការខាតបង់ជាង ១ ពាន់លានដុល្លារនេះ មានរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ។

សូមជម្រាបដែរថា មូលហេតុដែលបង្កឲ្យកើតមានកូដកម្មនេះ អាចបណ្ដាលមកពីការប្រកាសរបស់រដ្ឋាភិបាល មិនតំឡើងប្រាក់ខែអប្បបរិមាជូនអ្នកបើករថយន្តដឹកទំនិញ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខឡើយ។
បន្ថែមពីនោះ រដ្ឋាភិបាលអាចនឹងប្រើធម៌ក្ដៅ សម្រាប់បុគ្គលដែលមិនព្រមធ្វើតាមការបញ្ជាឲ្យត្រឡប់ទៅធ្វើការវិញ ដូចជាត្រូវបង់ប្រាក់ពិន័យ ឬអាចជាប់ពន្ធនាគារ និងឈានដល់ការដកហូតប័ណ្ណបើកបរថែមទៀត៕