យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes បានបង្ហាញថា ក្រុមហ៊ុន Twitter ដែលមានម្ចាស់ថ្មីជាមហាសេដ្ឋីមានបំផុតលើលោក បានខ្ទាតចេញពីផ្សារហ៊ុន New York Stock Exchange កាលពីខែតុលា និងបានក្លាយជាក្រុមហ៊ុនឯកជនធំបំផុតមួយនៅអាមេរិក។

ក្រុមហ៊ុនបណ្ដាញសង្គមចាបខៀវ បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១០៤ ក្នុងបញ្ជីក្រុមហ៊ុនឯកជនធំបំផុតនៅអាមេរិក រៀបចំឡើងដោយ Forbes ខណៈសារនេះគឺជាលើកដំបូងដែល Twitter មានវត្តមាននៅក្នុងបញ្ជីមួយនេះ។

ដោយឡែក សម្រាប់ក្រុមហ៊ុនឯកជនធំបំផុតនៅអាមេរិកនាឆ្នាំ ២០២២ នេះវិញ គឺមានដូចជា៖
1/ ក្រុមហ៊ុន Cargill រកស៊ីលើវិស័យចំណីអាហារ មានប្រាក់ចំណូលប្រចាំឆ្នាំ ១៦៥ ពាន់លានដុល្លារ
2/ ក្រុមហ៊ុន Koch Industries រកស៊ីលើពហុវិស័យ មានប្រាក់ចំណូលប្រចាំឆ្នាំ ១២៥ ពាន់លានដុល្លារ
3/ក្រុមហ៊ុន Publix Super Markets រកស៊ីលើទីផ្សារចំណីអាហារ មានប្រាក់ចំណូលប្រចាំឆ្នាំ ៤៨ ពាន់លានដុល្លារ
4/ក្រុមហ៊ុន Mars រកស៊ីលើវិស័យចំណីអាហារ មានប្រាក់ចំណូលប្រចាំឆ្នាំ ៤៥ ពាន់លានដុល្លារ
សូមជម្រាបដែរថា Forbes បានសង្កេត និងតាមដានក្រុមហ៊ុនឯកជនធំបំផុតនៅអាមេរិកតាំងពីឆ្នាំ ១៩៨៥ ហើយសម្រាប់ឆ្នាំនេះមានក្រុមហ៊ុន ២៤៦ រំលេចឈ្មោះក្នុងបញ្ជីមួយនេះ ដែលជាតួលេខច្រើនបំផុតតាំងពីឆ្នាំ ២០០៨ មក៕