កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប លោក Thierry Breton បានប្រាប់ទៅកាន់ម្ចាស់ក្រុមហ៊ុន Twitter លោក Elon Musk ឲ្យបង្កើនការប្រុងប្រយ័ត្នលើប្រព័ន្ធការពារសុវត្ថិភាពនៃបណ្ដាញសង្គម មុន EU អនុម័តឲ្យប្រើប្រាស់ច្បាប់ថ្មីនាឆ្នាំក្រោយ។

យោងតាមការចុះផ្សាយពី Economictimes បានឲ្យដឹងថា ចំណុចសំខាន់ដែលមន្ត្រីជាន់ខ្ពស់ EU ព្រមានមហាសេដ្ឋីអាមេរិក គឺរឹតបន្តឹងការការពារអ្នកប្រើប្រាស់ពី ការបញ្ចេញមតិខុសគោលការណ៍ ការផ្ដល់ព័ត៌មានមិនច្បាស់លាស់ និងមាតិកាផ្សេងទៀតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ខណៈសកម្មភាពទាំងនេះនឹងល្មើសច្បាប់ “សេវាកម្មឌីជីថល” ដែលនឹងដាក់ឲ្យអនុវត្តពីឆ្នាំ ២០២៣ ទៅ។

ប្រភពដដែលបន្ថែមថា ភាគីទាំងសងខាងបានសន្ទនាគ្នា តាមរយៈ Video Call ដើម្បីពិភាក្សាអំពីការត្រៀមខ្លួន និងរៀបចំប្រព័ន្ធសុវត្ថិភាពរបស់ Twitter ជៀសវាងល្មើសច្បាប់ថ្មីដែលរៀបចំឡើងដោយ EU។

សូមជម្រាបដែរថា ក្រោយសម្រេចទិញបាន Twitter មហាសេដ្ឋីអាមេរិកប្រកាសថា នឹងប្រើប្រាស់បណ្ដាញសង្គមជាវេទិកា “បញ្ចេញមតិដោយសេរីឥតមានដែនកំណត់” ជាហេតុធ្វើឲ្យសហភាពអឺរ៉ុប ព្រួយបាម្ភអំពីការបញ្ចេញមតិបែបរើសអើងពូជសាសន៍ និងការផ្ដល់ព័ត៌មានមិនពិត ក៏ដូចជាអាចបង្កឲ្យកើតមានករណីឆបោកកាន់តែខ្លាំងលើបណ្ដាញសង្គម Twitter៕