កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ តុលាការទីក្រុងមូស្គូបានសម្រេចផ្ដន្ទាទោសដល់អតីតមហាសេដ្ឋីរុស្ស៊ី Ziyavudin Magomedov ឲ្យជាប់ពន្ធនាគារដែលមានការការពារតឹងរ៉ឹងបំផុត រយៈពេល ១៩ ឆ្នាំ ក្រោយរកឃើញថា រូបគេបានលួចកិបកេងថវិការដ្ឋ និងបង្កើតក្រុមឧក្រិដ្ឋកម្ម។

យោងតាមការចុះផ្សាយពី Interfax បានឲ្យដឹងថា អតីតមហាសេដ្ឋីរុស្ស៊ីវ័យ ៥៤ ឆ្នាំ បានកសាងទ្រព្យសម្បត្តិរបស់លោក ក្នុងជំនាន់អតីតប្រធានាធិបតី Dmitry Medvedev នៅកាន់តំណែង តាមរយៈការរកស៊ីលើពហុវិស័យ។

យ៉ាងណា កាលពីខែមីនា ឆ្នាំ ២០១៨ លោក Ziyavudin ត្រូវបានឃាត់ខ្លួនជាមួយនឹងបងប្រុសរបស់លោក រួមជាមួយអតីតសមាជិកក្រុមប្រឹក្សាសហព័ន្ធ Magomed Magomedov បន្ទាប់ពីត្រូវចោទប្រកាន់ពាក់ព័ន្ធករណីឆបោក និងរៀបចំក្រុមឧក្រិដ្ឋកម្ម។
យោងតាមការសម្រេចពីតុលាការ Ziyavudin Magovmedov បានលួចកិបកេងថវិកាចំនួនប្រមាណ ១១ ពាន់លានរូបល ឬប្រមាណ ១៨០ លានដុល្លារ ពីសហព័ន្ធរុស្ស៊ី តាមរយៈក្រុមហ៊ុនរបស់លោកគឺ Summa។

តុលាការក៏បានធ្វើការផាកពិន័យអតីតមហាសេដ្ឋីរូបនេះចំនួន ២,៥ លានរូបល ឬប្រមាណ ៤០ ៨០០ ដុល្លារ ដកហូតពានរង្វាន់នានាដែលរដ្ឋធ្លាប់ផ្ដល់ជូន និងដាក់ទោសជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំ៕