អាជីវកម្មថ្មីមួយផ្សេងទៀត របស់ក្រុមហ៊ុន China Evergrande ហាក់កំពុងឈានទៅរកភាពអាប់អួរហើយ បន្ទាប់ពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលផ្តោតទៅលើការផលិតរថយន្តអគ្គិសនី ឥឡូវនេះ បានសម្រេចផ្អាកការផលិតរបស់ខ្លួនវិញហើយ ដោយសារតែខ្វះខាតការបញ្ជាទិញ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Reuters ។

គួរឱ្យដឹងថា កាលពីខែកញ្ញាកន្លងទៅ ក្រុមហ៊ុន China Evergrande New Energy Vehicle Group បានប្រកាសថា ខ្លួនបានចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួន ម៉ូដែល Hengchi 5 នៅរោងចក្រមួយ ក្នុងទីក្រុង Tianjin ភាគខាងជើងប្រទេសចិន ហើយកាលពីចុងខែតុលា ក្រុមហ៊ុនបានធ្វើការចែកចាយរថយន្តចំនួន ១០០ គ្រឿងដំបូងរបស់ខ្លួន។

តែទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិនខាងលើ បានសម្រេចចិត្តផ្អាកការផលិតរបស់ខ្លួនវិញហើយ ដោយសារតែមិនមានការបញ្ជាទិញគ្រប់គ្រាន់ សម្រាប់រថយន្តស្ព័រអគ្គិសនីរបស់ខ្លួនប្រភេទថ្មីនេះ ។
ជាងនេះទៅទៀត មនុស្សពីនាក់ ដែលដឹងពីបញ្ហាររបស់ក្រុមហ៊ុន China Evergrande បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន Reuters ថា បុគ្គលិកជាច្រើន នៅមិនទាន់ទទួលបានប្រាក់ខែរបស់ពួកគេ សម្រាប់ខែតុលា និងវិច្ឆិកា នៅឡើយនោះទេ ។