ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គឺនៅតែរក្សាជំហរស្វាគមន៍អ៊ុយក្រែន បើកកិច្ចចរជាគ្នាបញ្ចប់សង្គ្រាមដោយសន្តិវិធី ប៉ុន្តែមិនយល់ស្របជាមួយនឹងអាមេរិក ក្នុងការប្រឆាំងទឹកដីដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនឡើយ។

រដ្ឋាភិបាលរុស្ស៊ីថែមទាំងអះអាងទៀតថា បច្ចុប្បន្នពួកគេកំពុងមមាញឹកក្នុងការស្វែងរកដំណោះស្រាយដ៏ល្អមួយ ជាមួយនឹងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNA។
“ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី គឺតែងតែស្វាគមន៍ចំពោះការចរចាគ្រប់ទម្រង់ ដើម្បីអាចធានានូវផលប្រយោជន៍នៃប្រទេសទាំងសងខាង ហើយមធ្យោបាយដែលល្អបំផុតក្នុងការសម្រេចលទ្ធផលមួយនេះ គឺតាមរយៈមធ្យោបាយការទូត និងសន្តិភាព”។ នេះបើតាមសម្ដីរបស់លោក Dmitry Peskov អ្នកតំណាងរុស្ស៊ីបានលើកឡើង។

សូមជម្រាបដែរថា ប្រធានាធិបតីរុស្ស៊ីធ្លាប់លើកឡើងថា លោកមិនស្ដាយក្រោយឡើយចំពោះការបើកប្រតិបត្តិការយោធាពិសេសទៅលើអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែនក៏ធ្លាប់ប្រកាសក្ដែងៗថា ដរាបណាពូទីននៅកាន់កាប់រុស្ស៊ី លោកនឹងមិនចូលតុចរចាជាមួយរុស្ស៊ីជាដាច់ខាត៕