ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group លោក Hui Ka Yan បាននិយាយ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនរបស់លោក នឹងបេ្តជ្ញាសម្រេចឱ្យបាននូវគោលដៅផ្តល់ជូនអចលនទ្រព្យរបស់ខ្លួន ទៅឱ្យអតិថិជន នៅមុនបញ្ចប់ឆ្នាំ ២០២២ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជាក់ស្តែង China Evergrande មានបំណងផ្តល់ជូនលំនៅដ្ឋានចំនួន ៣០០ ០០០ យូនីត នៅឆ្នាំនេះ បន្ទាប់ពីខ្លួនបានផ្តល់ជូនលំនៅដ្ឋានបានចំនួន ២៥៦ ០០០ យូនីតរួចមកហើយ នៅចន្លោះខែមករា ដល់ខែវិច្ឆិកាកន្លងទៅ ។
យ៉ាងណាមិញ លោក Hui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនរបស់លោក ត្រូវតែបន្តផ្តល់ជូនលំនៅដ្ឋាន ៤៤ ០០០ យូនីត បន្ថែមទៀត ទៅកាន់អតិថិជន នៅក្នុងខែធ្នូនេះ ដោយពេលវេលានៅសេសសល់ត្រឹមតែ ២៩ ថ្ងៃទៀតប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា Evergrande បាននិងកំពុងរៃអង្គាសប្រាក់ ដែលខ្លួនត្រូវការជាច្រើន ដើម្បីអាចទូទាត់សងទៅកាន់ម្ចាស់បំណុល និងអ្នកផ្គត់ផ្គង់ជាច្រើនផ្សេងទៀត របស់ខ្លួន។
ជម្រាបទៀតថា ម្ចាស់បំណុលរបស់ក្រុមហ៊ុន Hengda Real Estate ដែលជាបុត្រសម្ព័ន្ធមួយរបស់ Evergrande បានយល់ព្រមលើការស្នើសុំពន្យាពេលក្នុងការសងបំណុល និងបង់ការប្រាក់លើមូលបត្របំណុល ក្នុងស្រុកមួយចំនួន ដើម្បីទុកពេលឱ្យពួកគេអាចធ្វើការបញ្ចប់គម្រោងសាងសង់មួយចំនួន ៕