អ្នកជំនួញខ្នាតយក្សរុស្ស៊ីម្នាក់ដែលត្រូវបានកាសែតរដ្ឋរុស្ស៊ីបង្ហើបឈ្មោះថា Mikhail Fridman ត្រូវបានឃាត់ខ្លួននៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ខណៈរូបលោកគឺជាមហាសេដ្ឋីមានបំផុតមួយរូបប្រចាំប្រទេស។

យោងតាមការចុះផ្សាយពី Timeofisrael បានបង្ហើបថា របាយការណ៍បញ្ចេញដោយទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិចក្រភពអង់គ្លេស មិនបានបញ្ជាក់ពីឈ្មោះរបស់បុគ្គលដែលបានឃាត់ខ្លួនឡើយ គ្រាន់តែទម្លាយថា បុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ ឃុបឃិតការបោកបន្លំឯកសារការិយាល័យផ្ទះ និងការភូតកុហក។

ប្រភពដដែលបានបន្ថែមទៀតថា អំឡុងពេលធ្វើការឃាត់ខ្លួននោះ មានរកឃើញភុស្តតាងជាច្រើនដូចជា ឧបករណ៍ឌីជីថលមួយចំនួន និងសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពី “លំនៅដ្ឋានរាប់លានផោន”របស់ស្ដេចត្រាញ់រុស្ស៊ីម្នាក់នេះ។

យ៉ាងណា សារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្ដីប្រភពជិតស្និទ្ធនឹងលោក Fridman ថា លោកត្រូវបានឃាត់ខ្លួន ដោយសារល្មើសច្បាប់ទណ្ឌកម្មដែលបានដាក់មកលើលោក និងបានបញ្ជាក់លំអិតពីបញ្ហានេះឡើយ៕