ថ្មីៗនេះ មហាសេដ្ឋីហុងកុងម្នាក់កំពុងត្រៀមខ្លួនស្ដារគម្រោងអភិវឌ្ឍន៍ខ្នាតយក្សនៅភាគខាងកើតទីក្រុងឡុងដ៍ ដែលធ្លាប់ជាគម្រោងការណ៍ដ៏អស្ចារ្យជំនាន់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងលោក David Cameron។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានហុងកុង Chof360។

ទីតាំងដែលគម្រោងអភិវឌ្ឍន៍នេះបានបោះបង់គឺ នៅទល់មុខអាកាសយានដ្ឋានទីក្រុងឡុងដ៍ ដែលដើមឡើយត្រូវបានគេកំណត់ ថាជាទីតាំងរបស់រាជធានីនៃទីក្រុង Venice និងមានទំហំ ៣៥ ហិកតា។
គម្រោងមួយនេះ ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុន Advanced Business Park (ABP) ក្នុងតម្លៃកុងត្រាជិត ២ ពាន់លានផោន កាលពីឆ្នាំ ២០១៣ ដោយអតីតអភិបាលក្រុងឡុងដ៍ លោក Boris Johnson ជាមួយនឹងចក្ខុវិស័យនាំយកវិនិយោគិនចិនរាប់ពាន់នាក់មកបណ្ដាក់ទុននៅរាជធានីនៃចក្រភពអង់គ្លេស។

យ៉ាងណា គ្រោងការណ៍ដ៏សំបើមនេះត្រូវបានប្រកាសបោះបង់ចោលកាលពី ២ ឆ្នាំមុន ហើយសាលាក្រុងបានចេញដីកាលុបចោលសិទ្ធអភិវឌ្ឍន៍របស់ក្រុមហ៊ុន ABP កាលពីខែកុម្ភៈនៃឆ្នាំនេះ។

ទន្ទឹមនឹងនោះ លោក Ivan Koo មហាសេដ្ឋីអចលនទ្រព្យ និងជាមេធំនៃក្រុមហ៊ុន Victoria Harbor បានចាប់អារម្មណ៍ជាមួយនឹងគ្រោងការណ៍ដែលធ្លាប់បរាជ័យមួយនេះ ចំពេលការវិនិយោគរបស់ចិន នៅអង់គ្លេសកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង។
សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានមានប្រសាសន៍ថា យុគសម័យមាសនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងអង់គ្លេសបានបញ្ចប់ហើយ និងជាការសង្កត់បញ្ជាក់ថា សម្ព័ន្ធមិត្តដ៏រឹងមាំរវាងចិន និងអង់គ្លេសដែលអតីតនាយករដ្ឋមន្ត្រី Cameron ខំសាងកាលពីមួយទសវត្សមុន បានឈានដល់ចំណុចប្រេះស្រាំហើយ៕