វៀតណាម ជាប់ត្រឹមលេខ ៤ ក្នុងនាមជាប្រទេសផលិតរថយន្តច្រើនបំផុត នៅអាស៊ាន

អន្តរជាតិ

យោងតាមការិយាល័យស្ថិតិទូទៅ បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលផលិតរថយន្តច្រើនបំផុត ក្នុងរយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ ដោយមានចំនួនសរុប ៣៦២ ០០០ គ្រឿង កើនឡើងប្រមាណ ១៦,៤% ធៀបនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន ។ នេះបើយោងតាមការចុះផ្សាយពី Vietnam Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើតាមសហព័ន្ធ​យានយន្ត​អាស៊ាន បានឱ្យដឹងទៀតថា ប្រទេសថៃកំពុងនាំមុខគេនៅក្នុងតំបន់ ជាមួយនឹងចំនួនផលិតជិត ១,៦ លានគ្រឿង ខណ:ឥណ្ឌូនេស៊ី ឈរនៅលេខ ២ មានចំនួនផលិត ១,២ លានគ្រឿង និងម៉ាឡេស៊ី ឈរលេខ ៣ មានចំនួនផលិត ៥៦៧ ៧០០ គ្រឿង ។

គួរឱ្យដឹងផងដែរថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រោងចក្រផលិតរថយន្តជាច្រើន បានមកបោះទុនវិនិយោគ នៅក្នុងប្រទេសវៀតណាម ដែលមានដូចជា Toyota, Honda, Ford, Kia និង Hyundai ជាដើម ហើយស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនរថយន្តវៀតណាម VinFast ក៏កំពុងពង្រីកទីផ្សាររបស់ខ្លួនផងដែរ ដោយផ្តោតលើទីផ្សាររថយន្តអគ្គិសនីពិភពលោក។

ដោយឡែក វៀតណាម ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រទេស ដែលមានកំណើនលក់រថយន្តច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ សម្រាប់រយ:ពេល ១០ ខែដំបូងឆ្នាំនេះ ដោយមាន ៥២,២% និងតាមពីក្រោយដោយប្រទេសម៉ាឡេស៊ី មាន ៥០,៧% ៕