កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា នឹងកាត់បន្ថយគោលដៅកំណើន GDP សម្រាប់ឆ្នាំ ២០២៣ ដោយសារហានិភ័យនៃផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសកលលោក ប៉ុន្តែចំពោះគម្រោងការណ៍បង្កើនកំណើនសេដ្ឋកិច្ចនៅរយៈពេល ៥ ឆ្នាំ គឺនៅបន្តធ្វើតាមការគ្រោងទុក។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា សេដ្ឋកិច្ចនៃប្រទេសហ្វីលីពីន នឹងរំពឹងកើនឡើងចន្លោះពី ៦ ដល់ ៧% នាឆ្នាំក្រោយ ទាបជាងគោលដៅដែលធ្លាប់រំពឹងទុកកាលពីពេលមុនដែលធ្លាប់សង្ឃឹមថា អាចកើនឡើងពី ៦,៥ ដល់ ៨%។
“ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ ដូច្នេះវាបានបង្កផលប៉ះពាល់ដល់ការរំពឹងទុកនាពេលកន្លង”។ នេះបើតាមសម្ដីរបស់លេខាធិការហិរញ្ញវត្ថុ Benjamin Diokno បាននិយាយ។

សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន IMF ធ្លាប់ទម្លាយថា កំណើនសេដ្ឋកិច្ចសកលនឹងមានការធ្លាក់ចុះរហូតក្រោម ២% នាឆ្នាំក្រោយ ប៉ុន្តែគណៈកម្មាធិការសម្របសម្រួលថវិកាអភិវឌ្ឍន៍ (DBCC) បានអះអាងថា គោលដៅកំណើនសេដ្ឋកិច្ចហ្វីលីពីនពីឆ្នាំ ២០២៤-២០២៨ នឹងអាចមានចន្លោះពី ៦,៥% ដល់ ៨%៕