កាលពីពេលថ្មីៗនេះ ក្រុម G7 បានកំណត់តម្លៃប្រេងនាំចេញរបស់រុស្ស៊ីទៅកាន់លោកខាងលិច បើទោះជាសហព័ន្ធរុស្ស៊ីមិនទាន់ឯកភាពក្ដី ដោយពួកគេយល់ថា ការធ្វើបែបនេះគឺដើម្បីរារាំងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

យ៉ាងណា ការខិតខំរបស់លោកខាងលិចចំពោះការកំណត់តម្លៃប្រេងរុស្ស៊ី អាចនឹងមិនទទួលលទ្ធផលល្អប៉ុន្មាន ដ្បិតអ្នកនាំពាក្យរុស្ស៊ី Dmitry Peskov បានទម្លាយថា ការកំណត់តម្លៃប្រេង មិនអាចរារាំងរុស្ស៊ីឡើយ។

អ្នកនាំពាក្យរូបនេះថែមទាំងបង្ហើបទៀតថា រុស្ស៊ីកំពុងត្រៀមខ្លួនឆ្លើយតបនឹងការសម្រេចចិត្តរបស់ G7 និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលមានបំណងចង់កាត់បន្ថយប្រាក់ចំណូលរុស្ស៊ី តាមរយៈការកំណត់តម្លៃប្រេង និងកាត់បន្ថយកងកម្លាំងយោធារុស្ស៊ី។

សូមជម្រាបដែរថា ចំណាត់ការរបស់ G7 សហភាពអឺរ៉ុប និងអូស្ត្រាលីនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតបន្តការនាំចូលប្រេងពីសមុទ្ររុស្ស៊ី ប៉ុន្តែហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូន ធានារ៉ាប់រង និងធានារ៉ាប់រងឡើងវិញ ពីការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែវាត្រូវបានលក់ក្នុងតម្លៃតិចជាង ៦០ ដុល្លារក្នុងមួយបារ៉ែល។

ទន្ទឹមនឹងនោះ មន្ត្រីជាន់ខ្ពស់ខ្លះរបស់រុស្ស៊ីក៏ធ្លាប់បង្ហើបដែរថា រដ្ឋាភិបាលក្រុងមូស្គូ នឹងមិនលក់ប្រេងទៅកាន់ប្រទេសណា ដែលចូលរួមក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីឡើយ៕