កាហ្វេឆុងលើដីខ្សាច់របស់តួកគី មានប្រវត្តិជិត ៥ សតវត្ស ជាប់ពាក់ព័ន្ធខ្សែរាជវង្សស្ដេចស៊ុលតង់

អន្តរជាតិ

តួកគី គឺជាប្រទេសមួយដែល​សំបូរ​ទៅដោយ​សម្បត្តិវប្បធម៌ និង​អវិយធម៌​ដ៏​ស្រស់ស្អាត ខណៈ​ម្ហូបអាហារ​របស់​ពួកគេ​រឹតតែពិសេស ពោល​ទាំងរូបឆោម និង​រសជាតិ​សុទ្ធតែ​ឆ្ងាញ់ពិសារ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែល​អាច​កំណត់​ពី​អត្តសញ្ញាណ​របស់​តួកគី​មួយទៀតគឺ ការឆុងកាហ្វេ​នៅ​លើ​ខ្ទះ​ដោយ​ប្រើដីខ្សាច់ និង​ប្រើកម្ដៅ​ដុត​ពី​ក្រោម​ខ្ទះ​ក្នុង​កម្រិត​ល្មម​ ធ្វើ​ឲ្យ​កាហ្វេ​មាន​រសជាតិ​មុត​ខ្លាំង ហើយ​បើ​បាន​មើល​ពី​វិធីសាស្ត្រ​ឆុង​ទៀត វា​រឹតតែ​ប្លែក​ភ្នែក។

ប្រវត្តិ​របស់​កាហ្វេ​មួយ​នេះ​ក៏​មិន​ធម្មតា​ដែរ ដោយ​វា​មាន​អាយុកាល​ប្រហែល ៤០០ ឆ្នាំ​ហើយ ពោល​តាំងពី​សតវត្ស​ទី ១៦ មក​ម៉្លេះ ដោយ​គ្រា​នោះ​កាហ្វេ​ប្រភេទ​នេះ ជា​ភេសជ្ជៈ​សំណព្វ​ចិត្ត​របស់​ស្ដេចស៊ុលតង់ Sultan Suleiman នៃអាណាចក្រ Ottoman Empire។

បន្ទាប់​ពី​ទ្រង់​បាន​ណែនាំ​ភេសជ្ជៈ​មួយ​នេះ​ទៅកាន់​ខ្សែរាជវង្ស និង​ត្រកូល​អភិជន​នានា វា​ក៏​បាន​ក្លាយជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​សម្រាប់​គ្រួសារ​វណ្ណៈ​អភិជន​នា​សម័យ​នោះ ហើយ​ដោយសារ​តែ​ស្ដេចស៊ុលតង់​សព្វព្រះរាជហរទ័យ​ពន់ពេក​ជាមួយ​កាហ្វេតួកគី មានសេចក្ដី​រាយការណ៍​ថា ទ្រង់​បាន​បញ្ជា​ឲ្យ​ស្នំ​ជាច្រើនរូប រៀន​ពី​វិធីសាស្ត្រឆុងកាហ្វេ​នេះ​ទៀតផង។

ត្រឡប់​មក​បច្ចុប្បន្ន​វិញ លោកអ្នក​អាច​សាកល្បងភ្លក់​រសជាតិ​កាហ្វេ​ដែល​មាន​ប្រវត្តិ​តាំងពីសតវត្សទី ១៦ បាន នៅ​សណ្ឋាគារ Hyatt Regency ក្នុងទិវាកាហ្វេតួកគី​ដែល​បាន​ធ្វើឡើងកាលពី​ថ្ងៃទី ០៥ ធ្នូ ២០២២ ដោយមានការអញ្ជើញចូលរួម​ពី​ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាភ្ញៀវកិត្តិយសក្នុងទិវាកាហ្វេតួកគីលើកដំបូង ដែលប្រារព្ធរៀបចំនៅសណ្ឋាគារ Hyatt Regency ដោយមានវត្តមានចូលរួមភាគីពាក់ព័ន្ធសំខាន់ៗសំខាន់ដទៃទៀត។

នាឱកាសនោះដែរ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានផ្តល់នូវចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃការបា្ររព្ធទិវាកាហេ្វតួកគីជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបង្ហាញឱ្យឃើញពីមេត្រីភាព និងសាមគ្គីភាពក្នុងទំនាក់ទំនងទ្វេភាគីដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងតួកគី ស្តែងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជាក់ស្តែងសង្គម និងវប្បធម៌តាមរយៈការប្រារព្ធទិវាកាហ្វេតួកគីនេះនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានអបអរសាទរចំពោះភាគីតួកគីក្នុងឱកាសគម្រប់ខួបលើកទី៩ នៃការចុះកាហ្វេតួកគីជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនៅខែធ្នូ ឆ្នាំ២០១៣ ផងដែរ។

គួរបញ្ជាក់ដែរថា ភ្ញៀវដែលបានចូលរួមក្នុងពិធីនេះ បានធ្វើការកត់សម្គាល់ពីភាពស្រដៀងគ្នានៃអរិយធម៌ដ៏ឧត្តុង្គឧត្តមរវាងប្រទេសទាំងពីរ ពោលគឺជាប្រជាជាតិសំបូរទៅដោយសម្បតិ្តបេតិកភណ្ឌវប្បធម៌រូបបិយ៍ និងអរូបបិយ៍គួរជាទីមោទនៈ និងបានធ្វើការអបអរសារទដែលគុណល្បុក្កតោរបស់កម្ពុជា និងតែរបស់តួកគី (និងអាស៊ែបៃហ្សង់) ត្រូវបានចុះជាបេតិកភណ្ឌវប្បធម៌អរូបិយ៍នៃមនុស្សជាតិនាពេលថ្មីៗនេះ៕