អតិផរណាឡាវ បន្តកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ២៣ ឆ្នាំចុងក្រោយ

អន្តរជាតិ

អត្រាអតិផរណា នៅក្នុងប្រទេសឡាវ បានបន្តកើនឡើងដល់ ៣៨,៤៦% នៅក្នុងខែវិច្ឆិកា ខណ:ដែលនេះគឺជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់ ក្នុងរយ:ពេល ២៣ ឆ្នាំចុងក្រោយ។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីការិយាល័យស្ថិតិ ស្ថិតក្រោមក្រសួងផែនការ និងវិនិយោគរបស់ឡាវ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ប្រភពខាងលើនេះ បានបង្ហាញឱ្យដឹងទៀតថា ការកើនឡើងនេះ គឺបណ្តាលពីតម្លៃទំនិញបានហក់ឡើងខ្ពស់ ដោយក្នុងនោះ តម្លៃម្ហូបអាហារ និងភេសជ្ជ:គ្មានជាតិអាល់កុន បានកើនឡើង ៤២,៦៨% ស្របពេលគ្រឿងស្រវឹង និងថ្នាំជក់ បានកើនឡើង ២២,៥៩% , សម្លៀកបំពាក់ និងស្បែកជើង កើនឡើង ២៥,៦៧% , សេវាកម្មលំនៅដ្ឋាន ទឹកស្អាត អគ្គិសនី និងហ្គាស់ប្រើប្រាស់ប្រចាំថ្ងៃ កើនឡើង ២៤,០៨% និងរបស់របរប្រើប្រាស់ក្នុងផ្ទះ កើនឡើង ៣០,៤១% ផងដែរ ។

លើសពីនេះទៅទៀត តម្លៃសេវាវេជ្ជសាស្រ្ត និងឱកាសថ ក៏បានកើនឡើង ៤២,០៥% ខណ:ការដឹកជញ្ជូន កើនឡើង ៥៥,៤៣% , សេវាប្រៃសនីយ៍ និងទូរគមនាគមន៍ កើនឡើង ១២,៤៤% , សេវាកម្មកម្សាន្ត និងកន្លែងស្នាក់នៅ កើនឡើង ១៨,៥១% , សេវាអប់រំ កើនឡើង ១៣,២៦% និងទំនិញ គួបផ្សំសេវាកម្មផ្សេងៗទៀត កើនឡើង ២៥,៥២% ។

យ៉ាងណាមិញ ការកើនឡើងអតិផរណាដល់កម្រិតដ៏ខ្ពស់បែបនេះ បានបង្ហាញឱ្យឃើញថាវិធានការនានា ដែលរដ្ឋាភិបាលឡាវ បានអនុវត្តក្នុងពេលកន្លងមក គឺមិនមានប្រសិទ្ធភាពដូចការរំពឹងទុកនោះឡើយ ស្របពេលសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែបន្តប្រឈមមុខជាមួយនឹងផលលំបាកខ្លាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕