បច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានិភ័យខ្លាំងក្លា ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ចំពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើងវិញនៅចិនផង បណ្ដាលឲ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។

បើទោះជា សេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យក្ដី ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសថៃ Arkhom Termpittayapaisith បានបង្ហើបថា សេដ្ឋកិច្ចក្នុងប្រទេសថៃកំពុងមានការងើបឡើងគួរឲ្យកត់សម្គាល់ ហើយថែមទាំងអាចស្រោចស្រង់ការខូចខាតនាពេលកន្លងទៀតផង។

មន្ត្រីហិរញ្ញវត្ថុរូបនេះថែមទាំងបង្ហើបទៀតថា បច្ចុប្បន្ន ប្រទេសសេដ្ឋកិច្ចធំទីពីរប្រចាំអាស៊ីអាគ្នេយ៍មានស្ថិរភាព ជាមួយនឹងអត្រាការប្រាក់ទាប សាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ស្ថានភាពសារពើពន្ធ និងហិរញ្ញវត្ថុក៏មានភាពរឹងមាំទៀត។

សូមជម្រាបដែរថា សេដ្ឋកិច្ចប្រទេសថៃមានការរំពឹងទុកអាចកើនឡើង ៣,៤% នៅឆ្នាំនេះ និងបន្តកើនដល់ ៣,៨% នាឆ្នាំក្រោយ ខណៈវិស័យទេសចរណ៍គឺជាកូនសោសំខាន់បំផុតនៃការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសជិតខាងកម្ពុជា៕