Tesla ចាប់ផ្ដើមលក់រថយន្ត ២ ម៉ូដែលនៅថៃ ក្រោយដៃគូប្រជែងមានកាន់តែច្រើន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ​ ក្រុមហ៊ុន Tesla បានទម្លាយថា ពួកគេ​បាន​ចាប់ផ្ដើម​ប្រកាស​លក់​រថយន្ត​អគ្គិសនី ២ ម៉ូដែល​នៅ​ប្រទេសថៃ ហើយ​វា​ក៏​ជា​ជំហាន​ដំបូង​ដែល​ក្រុមហ៊ុន​អាមេរិក​ ប្រឡូក​ចូល​ទីផ្សារ​រថយន្ត​ដែល​ជប៉ុន​ធ្លាប់​គ្រប់គ្រង​យូរណាស់​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ CNA បាន​បង្ហាញ​ថា រថយន្ត​អគ្គិសនី ២ ម៉ូដែល​ដែល​ Tesla បាន​ដាក់​លក់​នោះ​គឺ​ មាន​តម្លៃ​ចន្លោះពី ១,៧ លានបាត ដល់ ២,៥ លានបាត ឬ​ប្រមាណ ៤៨ ៥០០ ដល់ ៧១ ២០០ ដុល្លារ​អាមេរិក ស្របពេល​រដ្ឋាភិបាល​ថៃ​ក៏​កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ផង ដោយ​បន្ធូរបន្ថយ​លើ​ពន្ធ​នាំចូល និង​ពន្ធផ្លូវ​ជាដើម។

ក្រុមហ៊ុន Tesla បាន​ចាប់ផ្ដើម​ទទួល​ការ​កុម្ម៉ង់​តាម​អ៊ីនធឺណិត និង​ដឹកជញ្ជូនដល់​អតិថិជន​នា​ដើមឆ្នាំ​ក្រោយ ប៉ុន្តែ​នៅចាញ់ប្រៀប​គូប្រជែង​ផ្សេងទៀត​ដូចជា BYD និង Great Wall Motors គឺ​មាន​ទីស្នាក់ការ​ស្រាប់​នៅ​ប្រទេសមាន​សេដ្ឋកិច្ច​ធំ​ទី ២ ប្រចាំអាស៊ាន ស្របពេល​ក្រុមហ៊ុន​ទាំង ២ ក៏​មាន​រថយន្តអគ្គិសនី​ច្រើនជម្រើស តម្លៃ​វិញ​ក៏​ធូរថ្លៃ​ជាង Tesla ពោល​មាន​​តម្លៃ​ចាប់ពី ៨ សែនបាត។

សូមជម្រាបដែរថា ប្រទេស​ថៃ គឺជា​មជ្ឈមណ្ឌល​ធំ​បំផុត​ទី ៤ ដែល​ក្រុមហ៊ុន​រថយន្ត​ធំៗ​ដូចជា Toyota Motor Corp និង Honda Motor Co Ltd បោះទីតាំង​នៅ​ទីនោះ ខណៈ​រថយន្ត​ប្រហែល ១,៥ ដល់ ២ លាន​គ្រឿង​ ត្រូវបានផលិត​ឡើង​នៅ​ប្រទេស​ថៃ​ជា​រៀងរាល់ឆ្នាំ ហើយ​ពាក់កណ្ដាល​នៃចំនួន​នោះ​គឺ ត្រូវ​នាំចេញ​ទៅក្រៅ​ប្រទេស៕