តារារ៉េប Kanye West ធ្លាប់ទទួលបានងារជាមហាសេដ្ឋី ប៉ុន្តែបន្ទាប់ពីផ្ដាច់កុងត្រាជាមួយក្រុមហ៊ុន Adidas តំណែងជាអ្នកមានបំផុតមួយរូបនៅអាមេរិករបស់គេ ក៏បានរបូតទៅតាមនោះដូចគ្នា។

រឿងនៅមិនទាន់ចប់ទេ ពោលតាំងពីបាត់បង់ងារជាមហាសេដ្ឋី Kanye មានរឿងអាស្រូវឥតលោះពេល ហើយថ្មីៗនេះមានរបាយការណ៍អះអាងថា ម៉ាកយីហោ Yeezy របស់លោកកំពុងជាប់បំណុលពន្ធយ៉ាងតិច ៦០០ ០០០ ដុល្លារ។ នេះបើតាមការចុះផ្សាយពី Yahoo។

ដោយឡែក NBC News ក៏បានរាយការណ៍ទៀតថា បំណុលពន្ធរបស់ Yeezy គឺមានតាំងពីពាក់កណ្ដាលឆ្នាំ ២០២១ ពោលកាលពីខែកក្កដា ២០២១ នៅមិនទាន់បង់ពន្ធប្រមាណ ១៤ ០០០ ដុល្លារ ហើយខែកុម្ភៈ ២០២២ ជិត ២៨០ ០០០ ដុល្លារ និងខែកញ្ញាប្រហែល ៣២១ ៥៩០ ដុល្លារទៀត។

សូមជម្រាបថា មួយរយៈកាលចុងក្រោយនេះ Kanye ហាក់មានបញ្ហាផ្នែកហិរញ្ញវត្ថុជាខ្លាំង ដោយលោកបានផ្ដល់បទសម្ភាសន៍ជាមួយ Tim Pool កាលពីសប្ដាហ៍មុនថា កុងធនាគារទាំង ៤ របស់លោកត្រូវបានបង្កក ខណៈលុយនៅក្នុងនោះមានប្រមាណ៧៥ លានដុល្លារ ហើយលោកនៅជំពាក់បំណុលពន្ធ ៥០ លានដុល្លារទៀត៕