ប៉ាគីស្ថានស្នើជំនួយបន្ទាន់ពីអារ៉ាប៊ីសាអូឌីតជាង ៤ ពាន់លានដុល្លារ ក្រោយទុនបម្រុងធ្លាក់ចុះខ្លាំង

អន្តរជាតិ

ថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ​នៃ​ប្រទេសប៉ាគីស្ថាន Ishaq Dar បានបង្ហើបថា ​រដ្ឋាភិបាល​កំពុង​ស្នើសុំ​ជំនួយ​បន្ទាន់​ពីប្រទេស​អារ៉ាប៊ីសាអូឌីត ប្រមាណ ៤,២ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ទុន​បម្រុងបរទេស​ធ្លាក់ចុះ​ខ្លាំង។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ប្រភពជិតស្និទ្ធ​មួយ​ទៀត​បាន​ទម្លាយ​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន នឹងទិញប្រេង និងជី​ដែល​មានតម្លៃ ១,២ ពាន់​លាន​ដុល្លារពី​អារ៉ាប៊ីសាអូឌីត​ពី​ក្នុង​កញ្ចប់​ជំនួយ​នោះ ខណៈ​លិខិត​ស្នើសុំ​ត្រូវបាន​ប្រគល់​ជូន​ព្រះអង្គម្ចាស់ Muhammad bin Salman រួចស្រេចហើយ។

សូមជម្រាបថា ទុនបម្រុងបរទេសរបស់​ប៉ាគីស្ថាន​គឺ​បាន​ធ្លាក់ចុះ​រហូត​ដល់ ៦,៧ ពាន់​លាន​ដុល្លារ​ជាលើកដំបូង​តាំងពីខែមករា ២០១៩ ដែលមិនគ្រប់គ្រាន់ដើម្បីទូទាត់ប្រាក់ដើម និងការប្រាក់ចំនួន ៨,៨ ពាន់លានដុល្លារ ក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្ន។

គួររំលឹកបន្ថែមថា កន្លងមក​អារ៉ាប៊ីសាអូឌីត​ បាន​ចាក់លុយ ៣ ពាន់​លាន​ដុល្លារ​ទៅកាន់​ធនាគារ​កណ្ដាល​ប៉ាគីស្ថាន ហើយ​ខាងធនាគារ​ក៏បាន​បង្ហើបថា នេះ​ជា​សញ្ញា​នៃ​ការ​គាំទ្រ​ចំណងមិត្តភាព​របស់​អារ៉ាប៊ីសាអូឌីត ចំពោះ​រដ្ឋាភិបាល​ប៉ាគីស្ថាន៕