នៅមុនកិច្ចប្រជុំកំពូលពិសេស EU-ASEAN ដែលនឹងរៀបចំធ្វើឡើង នៅថ្ងៃទី ១៤ ខែធ្នូ លោក Igor Driesman ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំអាស៊ាន បាននិយាយថា សហភាពអឺរ៉ុប នឹងផ្តល់ជំនួយពិសេស ដល់ប្រទេសឥណ្ឌូនេស៊ី ដែលនឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមមុខនានា រួមទាំងការដោះស្រាយស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ដោយនិយាយទៅកាន់សារព័ត៌មាន CNA នៅមុនកិច្ចប្រជុំកំពូលពិសេស នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក លោក Driesman បានបង្ហាញទៀតថា ការតភ្ជាប់រវាងតំបន់ទាំងពីរ ក៏នឹងក្លាយជាប្រធានបទដ៏សំខាន់ ដើម្បីលើកយកមកពិភាក្សាផងដែរ ។
លោក Driesman សង្កត់ធ្ងន់ទៀតថា នៅពេលដែលមេដឹកនាំអឺរ៉ុប និងអាស៊ាន ជួបប្រជុំគ្នា នៅទីក្រុងប្រ៊ុចសែល វានឹងមានបញ្ហាសំខាន់ៗចំនួន ៣ ដែលនឹងត្រូវលើកមកពិភាក្សាជាពិសេស ។
លោកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា បញ្ហាសំខាន់ទី ១ ដែលនឹងត្រូវលើកមកពិក្សាមុនគេនោះ គឺការផ្លាស់ប្តូរ ដើម្បីឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាត ដោយសហភាពអឺរ៉ុប នឹងបង្កើនការវិនិយោគបន្ថែមរបស់ខ្លួន ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ាន។
ហើយយ៉ាងណាមិញ សម្រាប់បញ្ហាសំខាន់ទី ២ ដែលនឹងត្រូវលើកនិយាយដែរនោះ គឺការតភ្ជាប់គ្នារវាងអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដោយសារតែតំបន់ទាំងពីរ គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបី របស់គ្នាទៅវិញទៅមក ។
ដោយឡែក រឿងសំខាន់ទី ៣ ដែលស្ថិតនៅក្នុងរបៀបវារ:នៃកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែលនាពេលខាងមុខនេះ គឺការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកសំខាន់ទៅលើច្បាប់។
ទាំងអឺរ៉ុប និងអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងបញ្ហាសន្តិសុខ ហើយអាចសហការគ្នាដោះស្រាយបញ្ហាទាំងនោះបាន ខណ:លោក Driesmans បាននិយាយថា បើទោះបីជាអាស៊ានប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកក៏ដោយ ប៉ុន្តែខ្លួនបានប្រកាន់យកជំហរដ៏រឹងមាំ ដើម្បីចូលរួមដោះស្រាយ ក្នុងវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា។
លោក Driesmans បានបន្ថែមថា ទោះបីជាកន្លងមកមានការយល់ស្របគ្នាលើ ៥ ចំណុច ដើម្បីផ្តល់ជូននូវ “ក្របខ័ណ្ឌរឹងមាំ” ដើម្បីធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា ត្រលប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញក៏ដោយ តែវាមិនទាន់ត្រូវបានអនុវត្តទេ រហូតមកដល់ពេលនេះ។
លោកសង្កត់ធ្ងន់ថា ” ជុំវិញបញ្ហាដែលនៅតែមិនទាន់អាចដោះស្រាយចេញនោះ គឺវាស្ថិតនៅលើឆន្ទៈរបស់របបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ ក្នុងការប្តេជ្ញា និងអនុវត្តចំណុចណាមួយក្នុងចំណោមចំណុចទាំងប្រាំ។ ដូច្នេះ យើងត្រូវបង្កើនការដាក់សម្ពាធលើរបបយោធានោះផងដែរ ” ។
សូមបញ្ជាក់ផងដែរថា យោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំកាន់អំណាច លោកស្រីអ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភ: ឆ្នាំ ២០២១ កន្លងទៅ ដែលនាំឱ្យប្រទេសនេះ ធ្លាក់ចូលទៅស្ថានភាពវឹកវរយ៉ាងខ្លាំង។ ហើយដើម្បីជាឆ្លើយតបទៅនឹងអំពើខុសច្បាប់បែបនេះ អាស៊ាន បានសម្រេចដកឈ្មោះមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ពីកិច្ចប្រជុំផ្លូវការកន្លងមករួចមកហើយ រួមទាំងកិច្ចប្រជុំកំពូល នាពេលខាងមុខនេះថែមទៀតផង ៕