ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ឥឡូវនេះ កំពុងដណ្តើមបានចំណែកទីផ្សារ មួយភាគបីនៃទីផ្សាររថយន្តរបស់រុស្ស៊ី បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនលោកខាងលិច ចាប់តាំងពីមានការឈ្លានពានទៅលើអ៊ុយក្រែន។
យោងតាមការចុះផ្សាយពី AsianFinancial បានបង្ហាញឱ្យដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុនចិន រួមមាន Haval , Chery និង Geely បានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសរុស្ស៊ី ពោលគឺកើនដល់ចំនួន ១៦ ១៣៨ គ្រឿង កាលពីខែវិច្ឆិកា ដែលជាចំនួនលក់ស្ទើតែទ្វេដង ធៀបនឹងខែមករា ហើយចំណែកទីផ្សាររបស់ពួកគេវិញ បានឈានដល់ ៣១,៣% ពីចំនួន ៩,៦% ។
យ៉ាងណាមិញ អ្នកវិភាគផ្នែករថយន្តរុស្ស៊ី លោក Vladimir Bespalov បាននិយាយថា ៖ ” ឥឡូវនេះ មានការផលិត និងនាំចូលតិចតួចប៉ុណ្ណោះ នៃម៉ាកយីហោរថយន្តរបស់ប្រទេសនៅលោកខាងលិច ដូច្នេះហើយទើបទីផ្សាររថយន្តនៅក្នុងប្រទេសរុស្ស៊ីបច្ចុប្បន្ន ត្រូវបានបែងចែករវាងឧស្សាហកម្មរថយន្តរុស្ស៊ី និងចិន ” ។
គួរឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសលោកខាងលិច ដែលភាគច្រើន ធ្លាប់តែប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុក ដើម្បីដណ្តើមយកចំណែកទីផ្សារ ចាប់តាំងតែពីពួកគេបានចូលមកបង្កើតរោងចក្រ ក្នុងប្រទេសរុស្ស៊ី នៅដើមទស្សវត្សរ៍ឆ្នាំ ២០០០ មកនោះ បានសម្រេចចិត្តបញ្ចប់អាជីវកម្ម ក៏ដូចជាបានដកខ្លួនចេញ ចាប់តាំងពីរុស្ស៊ី បានបញ្ជូនទាហានរាប់ម៉ឺននាក់ ចូលទៅលុកលុយប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភ:មក ។
លើសពីនេះ លោក Bespalov បាននិយាយទៀតថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន នៅតែមិនផ្លាស់ប្តូរ នោះក្រុមហ៊ុនផលិតរថយន្តចិន អាចនឹងដណ្តើមទីផ្សារប្រហែល ៣៥% នៅក្នុងប្រទេសរុស្ស៊ី នៅឆ្នាំក្រោយ ដោយចំនួនប៉ាន់ស្មានចំពោះការលក់ អាចកើនឡើងដល់ ៨០០ ០០០ គ្រឿង ។
ជម្រាបជូនផងដែរ សម្រាប់រយ:ពេល ១០ ខែដំបូងឆ្នាំនេះ ប្រទេសរុស្ស៊ី បានក្លាយជាទីផ្សារនាំចេញដ៏សំខាន់បំផុតទី ៦ របស់ក្រុមហ៊ុនផលិតរថយន្តចិន ដោយក្នុងនោះរួមមានយានយន្ត និងគ្រឿងបន្លាស់ ៕