ក្រុមហ៊ុន Foxconn ត្រៀមបោះលុយ ៥០០ លានដុល្លារបន្ថែម ទៅក្នុងរោងចក្រខ្លួន នៅប្រទេសឥណ្ឌា

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ដែលជាបុត្រសម្ព័ន្ធមួយរបស់ Foxconn បានសម្រេចទិញយកភាគហ៊ុនចំនួន ៤,០៨ លាន នៅក្នុងក្រុមហ៊ុន Foxconn Hon Hai Technology India Mega Development Private Limited ដែលមានតម្លៃប្រមាណ ៥០០ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុនតៃវ៉ាន់ ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple មួយនេះ គ្រោងនឹងបង្កើនកម្លាំងពលកម្មរហូតដល់ទៅបួនដង នៅក្នុងរោងចក្រ iPhone របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា សម្រាប់រយ:ពេលពីរឆ្នាំខាងមុខ ។

ក្រុមហ៊ុន Foxconn គ្រោងនឹងជំរុញកម្លាំងពលកម្មនៅរោងចក្ររបស់ខ្លួន នៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ឱ្យដល់ ៧០ ០០០ នាក់ ដោយបន្ថែមកម្មករចំនួន ៥៣ ០០០ នាក់បន្ថែមទៀត ក្នុងរយៈពេលពីរឆ្នាំខាងមុខ។​

លើសពីនេះ ការផ្លាស់ប្តូរដ៏ធំនេះផងដែរ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលផលិតគ្រឿងអេឡិចត្រូវនិក ដ៏ធំបំផុតមួយរបស់ពិភពលោក ក្នុងការកែសម្រួលផលិតកម្ម ចំពេលកំពុងមានផលរំខានខ្លាំង ទាក់ទងទៅនឹងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ។

ជាងនេះទៅទៀត បើតាមប្រភពពីរដ្ឋាភិបាលក្នុងតំបន់ បានបង្ហាញថា ក្រុមហ៊ុន Foxconn ក៏បានចែករំលែកអំពីផែនការរបស់ខ្លួន ជាមួយក្រុមមន្ត្រីឥណ្ឌា ជុំវិញការពន្លឿនផលិតកម្ម នៅក្នុងរោងចក្រឥណ្ឌា ដោយសារតែផលរំខាន នៅក្នុងប្រទេសចិន៕