កាលពីពេលថ្មីៗនេះ មហាសេដ្ឋីហុងកុង Jimmy Lai ត្រូវបានតុលាការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និង ៩ខែ បន្ទាប់ពីរកឃើញថាជាប់ពាក់ព័ន្ធនឹងករណីឆបោក។ នេះបើតាមការចុះផ្សាយពី Reuters។

បុរសវូយ ៧៥ ឆ្នាំ ត្រូវបានតុលាការរកឃើញថាជាប់ពិរុទ្ធ ពីការបិទបាំងលើកិច្ចសន្យាជួលដីមួយកន្លែង ដែលធ្លាប់ជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន Dico Consultants Ltd ខណៈម្ចាស់ដីអះអាងថា លោកបានរំលោភកិច្ចសន្យាជួលដីនោះ។

រដ្ឋាភិបាលលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងបានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពមហាសេដ្ឋីហុងកុង ដែលពួកគេយល់ថាច្បាប់ការពារសិទ្ធមនុស្ស និងសេរីភាពរបស់ប្រជាជនចិនមានការចុះខ្សោយខ្លាំងលើច្បាប់សន្តិសុខជាតិ។

សូមជម្រាបដែរថា នាយកប្រចាំតំបន់អាស៊ីនៃក្រុមតស៊ូមតិ Human Rights Watch, Maya Wang បានទាមទារឲ្យមានការដោះលែងលោក Jimmy Lai និងបានថ្កោលទោសរដ្ឋាភិបាលប៉េកាំងថា ប្រឆាំងនឹងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាននៅហុងកុង៕