រដ្ឋាភិបាលចិនកំពុងញាប់ដៃញាប់ជើង ក្នុងការបញ្ចេញកញ្ចប់ជំនួយដែលមានតម្លៃច្រើនជាង ១ ទ្រីលានយ៉ន់ ឬប្រមាណ ១៤៣ ពាន់លានដុល្លារ ដើម្បីពន្លឿនការផលិតបន្ទះឈីបនៅក្នុងស្រុក ប្រកួតប្រជែងជាមួយអាមេរិក។ នេះបើតាមការចុះផ្សាយពី CNA។

ប្រភពដដែលបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងមានបំណងចង់បញ្ចេញកញ្ចប់ជំនួយធំបំផុតនេះ សម្រាប់រយៈពេល ៥ ឆ្នាំ ដែលទឹកប្រាក់មួយភាគធំនឹងបានមកពីការប្រមូលពន្ធ និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីជំរុញការផលិតឈីប និងការស្រាវជ្រាវផ្សេងៗ។

ទឹកប្រាក់មួយភាគធំនៃកញ្ចប់ជំនួយ នឹងត្រូវយកទៅទិញសម្ភារៈក្នុងការផលិតបន្ទះឈីបក្នុងស្រុកដោយក្រុមហ៊ុនចិន ដូចជារោងចក្រផលិតបន្ទះឈីប ឬអាចជាមន្ទីរពិសោធន៍ផ្សេងៗដែលចាំបាច់។

សូមជម្រាបដែរថា គម្រោងខាងលើអាចនឹងចេញជារូបរាងនៅត្រីមាសតំបូងនាឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ប្រកាសកញ្ចប់ជំនួយជាង ៥០ ពាន់លានដុល្លារ ជួយវិស័យផលិតបន្ទះឈីបនៅអាមេរិក និងដាក់ទណ្ឌកម្មពាណិជ្ជកម្មសម្រាប់ផលិតផលបច្ចេកវិទ្យារបស់ចិន៕