ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់នៅតែមានសភាពក្ដៅគគុក ពោលរដ្ឋាភិបាលកោះតៃវ៉ាន់បានអះអាងថា ចិនបានបញ្ឈប់ការនាំចូលទំនិញរបស់ពួកគេ និងបានល្មើសច្បាប់ពាណិជ្ជកម្មពិភពលោក ស្របពេលថ្មីៗនេះមានការប្រទះឃើញយន្តហោះអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរជាង ១០ គ្រឿងរបស់ចិន បានហោះចូលដែនអាកាសកោះតៃវ៉ាន់ថែមទៀត។

យោងតាមការចុះផ្សាយពី Bangkokpost បានឲ្យដឹងថា យន្តហោះ H-6 ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ប្រមាណ ១៨ គ្រឿងបានហោះចូលដែនអាកាសតៃវ៉ាន់ ហើយវាគឺជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។

យន្តហោះ H-6 គឺជាយន្តហោះទម្លាក់គ្រាប់បែកខ្លាំងបំផុតរបស់ចិន ដែលមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែរ ហើយវាកម្រណាស់ដែលរដ្ឋាភិបាលបញ្ជូនយន្តហោះប្រភេទនេះចូលដែនអាកាសប្រទេសណាមួយ ច្រើនជាង ៥ គ្រឿងក្នុងរយៈពេលមួយថ្ងៃ។

សូមបញ្ជាក់ដែរថា ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកជាង ១០ គ្រឿងរបស់ចិន ទៅកាន់ដែនអាកាសតៃវ៉ាន់ គឺធ្វើឡើងភ្លាមៗបន្ទាប់ពីតៃវ៉ាន់ ចោទប្រកាន់ចិនថា បំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយបញ្ឈប់ការនាំចូលទំនិញតៃវ៉ាន់ដូចជា ម្ហូបអាហារ គ្រឿងសមុទ្រ និងគ្រឿងស្រវឹងជាដើម៕