កាលពីពេលថ្មីៗនេះ តុលាការបានប្រកាសសម្រេចដាក់ទោសមហាសេដ្ឋី Jimmy Lai ឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និង ៩ ខែ បន្ទាប់ពីចោទប្រកាន់លោកជាប់ពាក់ព័ន្ធនឹងករណីឆបោក។

យ៉ាងណា ដោយសារមានការតវ៉ា និងអន្តរាគមន៍ពីលោកខាងលិចខ្លាំងក្លា ពេលនេះតុលាការបានពន្យារពេលកាត់ទោសស្ដេចត្រាញ់ហុងកុង រហូតដល់ខែកញ្ញា ឆ្នាំ ២០២៣ ស្របពេលរដ្ឋាភិបាលព្យាយាមរារាំងមេធាវីនៅបរទេសរបស់បុរសវ័យ ៧៥ ឆ្នាំ ពីការការពាររូបលោក។ នេះបើតាមការចុះផ្សាយពី Bangkokpost។

ប្រភពដដែលបន្ថែមថា មហាសេដ្ឋីខាងលើមានបំណងចង់ឲ្យមេធាវីចាស់វស្សា Tim Owen ជនជាតិអង់គ្លេស ជាអ្នកការពារក្ដីរបស់លោក ប៉ុន្តែសំណើខាងលើត្រូវបានច្រានចោលដោយរដ្ឋាភិបាល ក្រោមអំណះអំណាងថា មិនអនុញ្ញាតឲ្យជនបរទេសពាក់ព័ន្ធនឹងសំណុំរឿង ដែលទាក់ទងនឹងច្បាប់សន្តិសុខជាតិ។

គួររំលឹកដែរថា សេចក្ដីសម្រេចជាផ្លូវការជុំវិញរឿងក្ដីរបស់ Jimmy Lai គ្រោងនឹងចាប់ផ្ដើមនៅក្នុងខែនេះ ប៉ុន្តែវាត្រូវបានលើកទៅកាន់ចុងត្រីមាសទី ៣ នាឆ្នាំក្រោយវិញ គឺនៅថ្ងៃទី ២៥ កញ្ញា ២០២៣ បន្ទាប់ពីមានការតវ៉ាភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រលោក។

សូមជម្រាបបន្ថែមថា ក្រៅពីរងការចោទប្រកាន់ពីករណីឆបោក មហាសេដ្ឋីរូបនេះក៏ប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិតទៀតផង ពីបទ “ឃុបឃិតជាមួយកងកម្លាំងបរទេស” ដែលជាបទឧក្រិដ្ឋកម្ម ក្រោមច្បាប់សន្តិសុខក្រុងប៉េកាំង បានដាក់លើទីក្រុងហុងកុងដើម្បីបង្ក្រាបការតវ៉ាលទ្ធិប្រជាធិបតេយ្យដ៏ធំនៅឆ្នាំ ២០១៩៕