ពលរដ្ឋវៀតណាមជាង ៤ ពាន់នាក់ ចាញ់បោកលុយរាប់ម៉ឺនដុល្លារ ក្នុងគម្រោងអចលនទ្រព្យ Alibaba

អន្តរជាតិ

យ៉ាងហោចណាស់ពលរដ្ឋវៀតណាមជាង ៤ ពាន់នាក់ ត្រូវបានគេរាយាការណ៍ បានបាត់បង់លុយ និងបានធ្លាក់ខ្លួនជាប់ក្នុងវិបត្តិបំណុល បន្ទាប់ពីបានធ្វើការវិនិយោគទៅក្នុងគម្រោង របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Alibaba ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ ក្រោយរកឃើញថាគម្រោងនេះ គឺមានតែនៅលើក្រដាសតែប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express បានឱ្យដឹងថា លោក Ngo Hung Duyet ដែលជាជនរងគ្រោះម្នាក់ បានសម្រេចចិត្តធ្វើដំណើរពីទីក្រុង Da Nang ទៅកាន់ទីក្រុងហូជីមិញ ដើម្បីចូលរួម នៅក្នុងសវនាការ ពាក់ព័ន្ធជាមួយនឹងការបោកប្រាស់ លក់គម្រោងដីឡូតិ៍ចំនួន ៥៨ កន្លែងរបស់ក្រុមហ៊ុន Alibaba ។

រំលឹកថា កាលពីឆ្នាំ ២០១៨ លោក Duyet បានចំណាយលុយចំនួន ៥៧៨ លានដុង (២៤ ៤៣៤ ដុល្លារ) ដើម្បីទិញដីឡូតិ័ចំនួន ២ ប្លង់ និងបានដាក់ប្រាក់កក់មួយភាគបីនៃគម្រោងរបស់ក្រុមហ៊ុន Alibaba នោះ ។

លើសពីនេះ លោក Duyet បានបង្ហាញថា ដំបូងឡើយលោកបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន អំពីគម្រោងដីឡូតិ៍របស់ Alibaba ហើយលោក ក៏​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន ដោយអ្នកលក់ បានបង្ហាញ​នូវ​ដី​ឡូត៍​មួយ​ចំនួន​ នៅស្រុក Ba Ria ខេត្តVung Tau ហើយ​ពួកគេបាន​បញ្ចុះបញ្ចូល​គាត់​ឱ្យ​ចុះ​កិច្ចសន្យា​ទិញយក ជាមួយនឹងការ​ធានា​ថានឹងផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ បន្ទាប់ពី​ការទិញនោះ។

លុះដល់ថ្ងៃកំណត់ លោក Duyet បានទូរស័ព្ទទៅក្រុមហ៊ុន ដើម្បីសាកសួរអំពីប័ណ្ណកម្មសិទ្ធ ប៉ុន្តែត្រូវបានអ្នកតំណាងក្រុមហ៊ុន Alibaba បញ្ចុះបញ្ចូលគាត់ឱ្យដាក់ប្រាក់ចំនួន ២០ លានដុងទៀត ដើម្បីទិញដីឡូតិ៍របស់ពួកគេមួយប្លង់បន្ថែមទៀត ។

ប៉ុន្តែ នៅត្រឹមតែប៉ុន្មានថ្ងៃក្រោយមក ប្រធានក្រុមហ៊ុនអចលនទ្រព្យ Alibaba លោក Nguyen Thai Luyen ស្រាប់តែត្រូវបានចាប់ខ្លួន ពីបទឆបោកតែម្តង។

ក្រោយពីដឹងថានេះជាការឆបោកមក លោក Duyet បាននិយាយថា ចាប់តាំងពីវិនិយោគលើគម្រោងទាំងនេះមក គ្រួសាររបស់គាត់ បានធ្លាក់ចូលទៅក្នុងវិបត្តិផ្លូវចិត្ត និងហិរញ្ញវត្ថុ ដោយគាត់នឹងប្រពន្ធរបស់គាត់ ត្រូវប្រើចំណូលទាំងអស់ ដើម្បីបង់ការប្រាក់កម្ចីធនាគារ ហើយក៏ត្រូវខ្ចីពីមិត្តភក្តិ និងសាច់ញាតិបន្ថែមទៀតផងដែរ ។

គួរឱ្យដឹងថាលោក Duyet ស្ថិតនៅក្នុងចំណោមជនរងគ្រោះ ៣០០ នាក់ ដែលបានបង្ហាញខ្លួន នៅក្នុងសវនាការ កាលពីថ្ងៃចន្ទ ដោយលោកបានស្នើសុំឱ្យតុលាការប្រជាជនទីក្រុងហូជីមិញ ជួយស្វែងរកសំណងទឹកប្រាក់ចំនួន ៧៥៨ លានដុង នៅពេលដែលពលរដ្ឋវៀតណាមជាង ៤ ពាន់នាក់ទៀត ក៏បានធ្លាក់ជាជនរងគ្រោះរបស់ Alibaba ផងដែរ ៕