យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានបង្ហាញឱ្យដឹងថា ប្រទេសថៃ កំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេសវៀតណាម ក្នុងនាមជាអ្នកនាំចេញអង្ករធំជាងគេបំផុតទី ២ នៅលើពិភពលោក នៅឆ្នាំ ២០២២ នេះ។

យោងតាមការចុះផ្សាយពី VNA បានរាយការណ៍ថា នៅក្នុងរយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ ប្រទេសឥណ្ឌា នៅតែឈរនៅកំពូលតារាង នាមជាអ្នកនាំចេញអង្ករធំជាងគេបំផុតលើលោក ជាមួយចំនួន ១៧,០៦ លានតោន ខណ:ប្រទេសថៃ ឈរនៅចំណាត់ថ្នាក់លេខ ២ ដែលមានចំនួននាំចេញ ៦,០២ លានតោន ។
គួរឱ្យដឹងផងដែរថា វៀតណាម ដែលធ្លាប់ជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក កាលពីឆ្នាំមុន ឥឡូវកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងចំនួននាំចេញ ៦,០១ លានតោន និងតាមពីក្រោយដោយប្រទេសប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ។

យ៉ាងណាមិញ TREA បានបង្ហាញឱ្យដឹងទៀតថា នៅក្នុងខែតុលា ប្រទេសថៃ បាននាំចេញអង្ករបានចំនួន ៧៩០ ០០០ តោន ក្នុងតម្លៃ ១៣,៩៧ ពាន់លានបាត (៤០២,៩ លានដុល្លារ) ពោលគឺបានកើនឡើង ២៤,៧% បើធៀបនឹងខែមុនៗ ។
ប្រភពដដែលនេះ មានទំនុកចិត្តថា ការនាំចេញអង្ករសរុបរបស់ប្រទេសថៃនៅឆ្នាំនេះ នឹងអាចឈានដល់គោលដៅចំនួន ៧,៥ លានតោន ដែលខ្ពស់ជាងការនាំចេញសរុបកាលពីឆ្នាំមុន ដែលមានចំនួនត្រឹម ៦,១២ លានតោន។
ជម្រាបជូនថា ទីផ្សារនាំចេញអង្ករធំបំផុតរបស់ប្រទេសថៃ គឺអ៊ឺរ៉ាក់ អាហ្វ្រិកខាងត្បូង សហរដ្ឋអាមេរិក ចិន បេនីន ជប៉ុន សេណេហ្គាល់ និងអង់ហ្គោឡា ៕