ក្រោយពីបានធ្វើការចរចាអស់ពេលស្ទើតែពេញមួយយប់ នៅទីបំផុតសហភាពអឺរ៉ុប (EU) បានសម្រេចធ្វើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីកំណត់ពន្ធទៅលើការបំភាយឧស្ម័នពុលកាបូនឌីអុកស៊ីត (CO2) ចំពោះការនាំចូលទំនិញពាក់ព័ន្ធនឹងការបំពុលបរិស្ថានដូចជាដែក និងស៊ីម៉ង់ត៍ជាដើម ខណ:នេះជាគោលការណ៍ដំបូងបំផុត របស់ពិភពលោក ដែលមានបំណងគាំទ្រដល់ឧស្សាហកម្មអឺរ៉ុប គ្មានការបញ្ចេញឧស្ម័នកាបូន។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងថា អ្នកចូលរួមនៅក្នុងកិច្ចប្រជុំមកពីបណ្តាប្រទេស EU និងសភាអឺរ៉ុប បានឈានដល់ការសម្រេចទៅលើកិច្ចព្រមព្រៀងថ្មីមួយនេះ នៅម៉ោងប្រហែល ៥ ព្រឹក នាទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ស្តីពីច្បាប់កំណត់តម្លៃពន្ធ ទៅលើការបំភាយឧស្ម័ន CO2 លើការនាំចូលទំនិញដែក ស៊ីម៉ងត៍ ជីកសិកម្ម អាលុយមីញ៉ូម និអគ្គិសនី ។
យ៉ាងណាមិញ ក្រុមហ៊ុនដែលនាំចូលទំនិញដូចដែលបានរៀបរាប់ខាងលើ ទៅកាន់សហភាពអឺរ៉ុប នឹងតម្រូវឱ្យមានការទិញវិញ្ញាបនបត្រ ដើម្បីគ្រប់ដណ្តប់លើការបំភាយឧស្ម័ន CO2 ដែលកើតចេញពីផលិតកម្ម នៅក្នុងរោងចក្ររបស់ពួកគេ ។
មិនតែប៉ុណ្ណោះ គ្រោងការណ៍ថ្មីនេះ ក៏ត្រូវបានធ្វើឡើង ដើម្បីអនុវត្តតម្លៃពន្ធលើ CO2 ដូចគ្នា ចំពោះក្រុមហ៊ុននៅក្រៅប្រទេស និងឧស្សាហកម្មក្នុងស្រុករបស់សហភាពអឺរ៉ុប ដែលនឹងតម្រូវឱ្យមានការទិញច្បាប់អនុញ្ញាត ពីទីផ្សារកាបូនរបស់សហភាពអឺរ៉ុប ។
ដោយឡែក លោក Mohammed Chahim ដែលជាអ្នកផ្តួចផ្តើមគំនិតនេះ របស់សហភាពអឺរ៉ុប បាននិយាយថា ការយកពន្ធនេះនឹងមានសារ:សំខាន់ខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុលើពិភពលោក ។
គួរឱ្យដឹងថា ព័ត៌មានលម្អិតមួយចំនួនទៅលើច្បាប់ថ្មីនេះ រួមទាំងកាលបរិច្ឆេតអនុវត្ត អាចនឹងត្រូវកំណត់ជាផ្លូវការនៅអំឡុងសប្តាហ៍នេះ ក្នុងការចរចាពាក់ព័ន្ធបន្ថែម ស្តីពីកំណែទម្រង់ទីផ្សារកាបូនរបស់សហភាពអឺរ៉ុប ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ EU នៅតែបន្តផ្តល់ឱ្យមានការអនុញ្ញាតនាំចូលទំនិញទាក់ទងនឹងការបំពុលដោយឧស្ម័ន CO2 ដោយមិនគិតថ្លៃ ដល់ឧស្សាហកម្មក្នុងស្រុក ដើម្បីការពារពួកគេពីការប្រកួតប្រជែងពីបរទេស ប៉ុន្តែយ៉ាងណា វាគ្រោងនឹងលុបចោលការអនុញ្ញាតដោយឥតគិតថ្លៃទាំងនេះវិញ នៅពេលដែលច្បាប់យកពន្ធថ្មី ចូលជាធរមាន ដើម្បីអនុវត្តតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក៕