កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Zhang Li សហប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Guangzhou R&F Properties Co Ltd ត្រូវបានធ្វើការឃាត់ខ្លួននៅអង់គ្លេស ក្រោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់អាជ្ញាធរ ដើម្បីបានសិទ្ធអភិវឌ្ឍនៅទីក្រុង San Francisco។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា មហាសេដ្ឋីចិនខាងលើគឺកំពុងត្រូវរដ្ឋាភិបាលអាមេរិកតាមចាប់ខ្លួន បន្ទាប់ពីចោទប្រកាន់លោកថា ជាប់ពាក់ព័ន្ធនឹងករណីសូកប៉ាន់អាជ្ញាធរ ដើម្បីទិញសិទ្ធអភិវឌ្ឍន៍មួយកន្លែងនៅ San Francisco ចន្លោះឆ្នាំ ២០១៥-២០២០។
បន្ទាប់ពីត្រូវបានចាប់ខ្លួន បុរសដែលមានទ្រព្យសម្បត្តិ ២,៣ ពាន់លានដុល្លារ ក៏បានបង់ប្រាក់ជាង ១៨ លានដុល្លារ ទៅកាន់តុលាការអង់គ្លេស ដើម្បីស្នើសុំនៅក្រៅឃុំ ប៉ុន្តែនៅពេលដែលតុលាការកោះហៅ លោកត្រូវតែជាប់ខ្នោះដៃ អំឡុងពេលធ្វើដំណើរទៅកាន់ទីជំនុំជម្រះក្ដី។

សូមជម្រាបដែរថា ខាងក្រុមហ៊ុន R&F ក៏បានចេញមុខប្រឆាំងនឹងបញ្ហាមួយនេះនៅលើ WeChat ផ្លូវការថា ពួកគេនឹងព្យាយាមតវ៉ាក្ដីនេះ ដ្បិតការចោទប្រកាន់ទាំងអស់ គឺជារឿងមិនពិត ហើយពួកគេក៏បញ្ជាក់ដែរថា លោក Zhang គ្រាន់តែធ្លាប់អញ្ជើញអតីតប្រធានកិច្ចការសាធារណៈនៅ San Francisco ញាំអាហារពេលល្ងាច និងចេញថ្លៃស្នាក់នៅឲ្យលោកប៉ុណ្ណោះ អំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសចិន ដែលនេះមិនមែនជាការសូកប៉ាន់លុយនោះឡើយ៕