ស្ដេចត្រាញ់ហុងកុងប្រឈមការជាប់គុកមួយជីវិត ធ្លាប់ប្រឡូកឆ្អែតឆ្អន់ក្នុងវិស័យកាត់ដេរ និងកាសែត

អន្តរជាតិ

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីហុងកុង លោក Jimmy Lai ត្រូវបានតុលាការសម្រេច​ផ្តន្ទា​ទោស​ ឱ្យជាប់ពន្ធនាគាររយ:ពេល ៥ ឆ្នាំ និង ៩ ខែ បន្ទាប់ពីត្រូវបានរកឃើញថាមានជាប់ទាក់ទងទៅនឹងករណីឆបោក ចំពោះការបិទបាំងលើកិច្ចសន្យាជួយដីមួយកន្លែង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែបើយោងតាមការចុះផ្សាយពី Bangkokpost ថ្មីៗនេះ បានបង្ហាញថា ដោយសារមាន​ការ​តវ៉ា និង​អន្តរាគមន៍​ពី​ប្រទេសលោកខាងលិច ពេលនេះ​តុលាការ​បាន​សម្រេចពន្យារពេល​កាត់ទោស​ស្ដេចត្រាញ់​ហុងកុង រហូត​ដល់​ខែកញ្ញា ឆ្នាំ ២០២៣ ស្របពេល​រដ្ឋាភិបាល​ព្យាយាម​រារាំង​មេធាវី​នៅបរទេស​របស់​បុរសវ័យ ៧៥ ឆ្នាំ ពី​ការការពារ​រូបលោក។

យ៉ាងណាមិញ មុនពេលឈានដល់មានរឿតក្តីក្តាំងទាំងនេះ ឧកញ៉ាញូវ សូមយកយកប្រវត្តិទាក់ទងខ្លះ របស់លោក Jimmy Lai មកចែកជូនប្រិយមិត្តឱ្យបានដឹង ៖

លោក Lai បានកើតនៅទីក្រុងក្វាងចូវ ប្រទេសចិន នៅក្នុងឆ្នាំ ១៩៤៨ នៅក្នុងគ្រួសារមានទ្រព្យស្តុកស្តម្ភមួយ ប៉ុន្តែក្រោយមកគ្រួសារលោក បានបែកបាក់គ្នា ហើយត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងវិញ នៅពេលដែលបក្សកុម្មុយនិស្ត បានចូលមកគ្រប់គ្រងអំណាច នៅឆ្នាំ ១៩៤៩ ។

ដោយមានប្អូនស្រីពីរនាក់ នៅក្នុងបន្ទុក នៅទីបំផុត លោក Lai បានសម្រេចចិត្តផ្លាស់ទៅកាន់ទីក្រុងហុងកុង ដើម្បីធ្វើផ្លាស់ប្តូរជីវិត ហើយនៅទីនោះ លោកទទួលបានការងារដំបូង ជាអ្នករត់តុ នៅឆ្នាំ ១៩៦០ ដែលពេលនោះលោកមានវ័យត្រឹម ១២ ឆ្នាំប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានោះ លោកក៏ទទួលបានការងារជាកម្មករ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងផងដែរ ដោយអាចបានប្រាក់ឈ្នួលត្រឹម ៨ ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ ។

បន្តិចម្តងៗ លោក Lai បានអភិវឌ្ឍសមត្ថភាពការងាររបស់គាត់ ដោយទទួលបានតំណែងជាអ្នកគ្រប់គ្រងរោងចក្រ នៅអាយុ ២១ ឆ្នាំ។ ហើយលុះដល់ឆ្នាំ ១៩៧៥ លោក មានប្រាក់ចំណូលសមរម្យ ដែលគ្រប់គ្រាន់អាចឱ្យគាត់ ធ្វើការវិនិយោគក្នុងទីផ្សារភាគហ៊ុន ហើយទទួលបានផលចំណេញយ៉ាងច្រើន។

នៅទីបំផុត លោក Lai បានប្រើប្រាស់ប្រាក់ចំណូលទាំងនោះ ដើម្បីទិញយករោងចក្រកាត់ដេរខ្នាតតូចមួយ ឈ្មោះថា Comitex ។ ដោយសារអាជីវកម្មចេះតែរីកចម្រើ គាត់បានចាប់ផ្តើមផលិតអាវយឺត ហើយលក់វា ទៅឱ្យហាងលក់រាយធំៗ នៅសហរដ្ឋអាមេរិក ដូចជា Montgomery Ward និង J.C. Penney ។

លុះដល់ឆ្នាំ ១៩៨១ លោក Lai បានបន្តបង្កើតហាងផ្ទាល់ខ្លួនមួយ ឈ្មោះថា Giordano ដែលវាបានក្លាយជាហាងលក់រាយធំបំផុតមួយនៅអាស៊ី ដោយមានសាខារហូតដល់ ២ ៤០០ កន្លែង នៅក្នុង ៣០ ប្រទេស ។

រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៩០ លោក Lai បានសម្រេចចិត្តឈប់រកស៊ីលើឧស្សាហកម្មកាត់ដេរ ហើយបានចាប់ផ្តើមបោះពុម្ពលក់ទស្សនាវដ្តី ឈ្មោះថា Next និង Apple Daily ជំនួសវិញ ដែលរួមបញ្ចូលទាំងរឿងនយោបាយ និងរឿងរ៉ាវអាជីវកម្មផ្សេងៗ ។

ជាមួយនឹងភាពល្បីល្បាញលើការបោះផ្សាយរឿងនយោបាយ លោក Lai ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាពិសេសទស្សនាវដ្តី Next និង Apple Daily ដែលអាចឱ្យគាត់ទទួលបានប្រាក់ចំណូលផ្ទាល់ខ្លួន រហូតដល់ ១០០ លានដុល្លារ នៅក្នុងឆ្នាំ ១៩៩៥ ។

នៅឆ្នាំ ១៩៩៧ ទស្សនាវដ្តី Apple Daily ទទួលបានភាពល្បីល្បាញកាន់តែខ្លាំង ដោយអាចលក់បាន ៤០០ ០០០ ច្បាប់ជារៀងរាល់ថ្ងៃ ដោយនេះធ្វើឱ្យវាក្លាយជាកាសែតធំទីពីររបស់ហុងកុង។ យ៉ាងណាលោក Lai បានមើលឃើញថាកាសែតនេះ ​ជា​យានជំនិះ​សម្រាប់​ការ​និយាយ​ដោយ​សេរី ហើយជាញឹកញយ លោកបានបង្វែការចាប់អារម្មណ៍ទៅលើការចុះផ្សាយទាក់ទងនឹង ឧកញ៉ាក្នុងស្រុក ដោយលាតត្រដាងពីជីវិតផ្ទាល់ខ្លួនដ៏ចម្រូងចម្រាសរបស់ពួកគេ និងទំនាក់ទំនងជាមួយរដ្ឋាភិបាល។

ជុំវិញរឿងរ៉ាវទាំងនេះហើយ បានធ្វើឱ្យលោក Lai មានសត្រូវជាច្រើន ជាពិសេសអ្នកមាននៅក្នុងប្រទេសចិន ស្របពេលការបោះពុម្ពផ្សាយទាំងអស់របស់គាត់ តែងតែត្រូវបានហាមឃាត់ ដោយរដ្ឋាភិបាលថែមទៀតផង ៕